អាវុធហត្ថតាកែវ វាយខ្ទប់មុខសញ្ញាគ្រឿងញៀនខេត្តគោលដៅ ៥នាក់ ដកហូតវត្ថុតាងច្រើនមុខ

អាវុធហត្ថតាកែវ វាយខ្ទប់មុខសញ្ញាគ្រឿងញៀនខេត្តគោលដៅ ៥នាក់ ដកហូតវត្ថុតាងច្រើនមុខ

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួនធំ។

រូបភាពទី១

ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

តាមរបាយការណ៍ពីសមត្ថកិច្ច នៅវេលាម៉ោង ៩និង៥៥នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស។

រូបភាពទី២

ក្រោយការស៊ើបអង្កេត និងសាកសួរជនសង្ស័យ សមត្ថកិច្ចបានពន្លាតដែនប្រតិបត្តិការទៅដល់ខេត្តកណ្តាល។ នៅវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា កម្លាំងជំនាញបានបន្តសហការជាមួយកងរាជអាវុធហត្ថក្រុងសំពៅពូន ក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចុះបង្ក្រាបនៅចំណុចចំការស្វាយ ភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន។

ជនសង្ស័យទាំង ៥នាក់ រួមមាន៖ ១- ឈ្មោះ ស៊ាង លីវណ្ណា អាយុ ៣៣ឆ្នាំ ស្រុកអង្គរបូរី តាកែវ, ២- ឈ្មោះ ធី ទីន អាយុ ២២ឆ្នាំ ស្រុកពាមជរ ព្រៃវែង, ៣- ឈ្មោះ គង់ សុជាតិ ហៅ កាក់ អាយុ ២៩ឆ្នាំ ស្រុកពាមជរ ព្រៃវែង, ៤- ឈ្មោះ ភី សុភាព ហៅ រី អាយុ ៣៨ឆ្នាំ ស្រុកមោងឫស្សី បាត់ដំបង, និង ៥- ឈ្មោះ ស ចាន់ អាយុ ២៥ឆ្នាំ ស្រុកស្វាយលើ សៀមរាប។

រូបភាពទី៣

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៣កញ្ចប់ ទម្ងន់សរុប ៣៤៣.៨៩ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង, ដាវដែក ២ដើម, ទូរស័ព្ទដៃ ៨គ្រឿង, ម៉ូតូ ២គ្រឿង និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

រូបភាពទី៤

សមត្ថកិច្ចបានបញ្ជាក់ថា ការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តតាកែវ កំពុងបន្តអនុវត្តយ៉ាងសកម្ម ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា ដោយបានដាក់បទបញ្ជាឱ្យបោសសម្អាតមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនឱ្យអស់ពីមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់។

administrator

Related Articles