បន្ទាប់ពីមានការចុះផ្សាយអំពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារបានចុះស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមជាមួយគោយន្តដឹកឈើប្រណិតចំនួន២គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សចំនួន៧នាក់មកពីស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃព្រៃឡង់ បានចុះល្បាតបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងព្រៃសហគមន៍បង្កនសែនជ័យ។
ក្រុមការងារបានទៅដល់ចំណុចព្រៃល្បើក និយាមកាលេខ (៥៤១០៥០-១៥១៤២៩៦) ស្ថិតក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដែលជាទីតាំងដែលបណ្តាញសហគមន៍ព្រៃឡង់ និងសារព័ត៌មានធ្លាប់បានចុះផ្សាយពីការកាប់ឈើខុសច្បាប់នៅតំបន់នោះ។

លោក មឿន សុភេទ បានបន្តថា បន្ទាប់ពីការស្រាវជ្រាវ មន្ត្រីបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលកំពុងបើកគោយន្តកន្ត្រៃដឹកឈើចំនួន២គ្រឿង។ ឈើដែលត្រូវបានដកហូតជាប្រភេទឈើអារលេខ១ (សុក្រំ) បរិមាណ ១,៥០ ម៉ែត្រគីប ព្រមទាំងវត្ថុតាងរណាយន្ត១គ្រឿង និងអាវុធកែច្នៃប្រើហ្គាស១ដើមផងដែរ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកនៅស្នាក់រងពើក ហើយកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

អត្ថបទ៖ ជុន កុសល
