ណាហ្គាវើលដ៍ ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា

ណាហ្គាវើលដ៍ ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា

រាជធានីភ្នំពេញ៖ ទូលព្រះបង្គំយើងខ្ញុំ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ ណាហ្គាវើលដ៍ សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ និងជ័យមង្គល ថ្វាយចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុងឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំសម្តែងនូវការគោរពដឹងគុណកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះព្រះរាជកិច្ចដឹកនាំដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្ត្រ ជាពិសេសវិស័យព្រះពុទ្ធសាសនា មនុស្សធម៌ និងសង្គមជាតិទាំងមូល។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយយ៉ាងជ្រាលជ្រៅ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសូមលើកហត្ថ អញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងអធិដ្ឋានដល់ព្រះបារមីនៃទេវតាឆ្នាំថ្មី និងទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះឫទ្ធានុភាពនៃព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសឫទ្ធិបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

សូមព្រះអង្គឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខក្សេមក្សាន្ត នៃមាតុភូមិអង្គរ និងប្រជារាស្ត្រខ្មែរ បានសេចក្តីសុខសប្បាយ ថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទសហការ

administrator

Related Articles