ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ បានបើករថយន្ត TOYOTA Prius ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-6461 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកែងផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥និង១០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ក៏បានបើកគេចម៉ូតូទាន់ពេល តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចមួយផ្ទាំងដួលរលំ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ និងបើកបន្តទៅមុខលែងរួច។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកនាំដោយជនជាតិបរទេសម្នាក់ បានបើកបរក្នុងល្បឿនមួយ ស្រាប់តែមានម៉ូតូមួយគ្រឿងកាត់មុខភ្លាមៗ ទើបបើកគេច តែជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។


សូមបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្តាលឲ្យខូចខាតតែទ្រព្យសម្បត្តិប៉ុណ្ណោះ ដោយមិនមានអ្នករងរបួសធ្ងន់ធ្ងរឡើយ។
ដោយ៖ សុខាសែនជ័យ
