ខេត្តស្វាយរៀង៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
សម្តេចតេជោ ដែលធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិ បានយល់ច្បាស់ពីការលំបាករបស់យុទ្ធជនក្នុងកិច្ចការពារជាតិ។ សម្តេចបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារជាតិ ទឹកដី និងប្រជាជន ដូច្នេះតើហេតុអ្វីមន្ត្រីមិនអាចចែករំលែកក្តីស្រឡាញ់ដល់ពួកគេ?
សម្តេចតេជោបានអំពាវនាវយ៉ាងដូច្នេះ៖ «រឿងដែលយើងត្រូវធ្វើ មូលដ្ឋានទាំងអស់ត្រូវធ្វើរឿងនេះ។ បើយើងធ្វើមិនបាន មិនសមជាពលរដ្ឋដែលចូលរួមការពារជាតិនោះទេ។ កុំមើលរំលងឱ្យសោះ ខ្ញុំអំពាវនាវហើយអំពាវនាវទៀតចំពោះគ្រួសារយុទ្ធជនពលី អតីតយុទ្ធជន និងយុទ្ធជនកំពុងការពារទឹកដី»។
ជាមួយគ្នានេះ សម្តេចតេជោក៏បានបញ្ជាឱ្យពិនិត្យដកមន្ត្រីកាំកុងត្រូលដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្ត្រីទាំងអស់កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ។
