ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំជំនួបពិភាក្សាការងារដ៏សំខាន់មួយជាមួយប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន Avasa Travel Group មកពីប្រទេសអេស្ប៉ាញ ព្រមទាំងប្រធានក្រុមហ៊ុនទេសចរណ៍ធំៗមកពីអឺរ៉ុប និងទ្វីបអាមេរិកឡាទីន កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូទាំងអស់ដែលបានចាប់អារម្មណ៍ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងជួយបន្តផ្សព្វផ្សាយនូវព័ត៌មានពិតៗដែលពួកគេបានឃើញផ្ទាល់ក្នុងអំឡុងដំណើរទស្សនកិច្ច FAM Trip នាពេលនេះ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ដែលជាទីផ្សារកំពុងរះយ៉ាងចិញ្ចែងចិញ្ចាច ដោយលើកឡើងពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកឡើងពីការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ការស្នាក់នៅ និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ល្បីល្បាញ «ស្នាមញញឹមកម្ពុជា» ព្រមទាំងប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងការធានាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមពីយន្តការលើកទឹកចិត្ត និងការផ្តល់អាទិភាពដល់វិនិយោគិនបរទេសពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា៕
ដោយ៖ តារា
