ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការវាយលុកចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតំបន់ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៨នាក់ជាបន្តបន្ទាប់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។

ការចុះបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានសកម្មភាពសង្ស័យពាក់ព័ន្ធគ្រឿងញៀន នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់នៅទីតាំង និងដកហូតបានម្សៅក្រាមសថ្លា ១៧ថង់ ថ្នាំគ្រាប់ពណ៌ក្រហម ៥គ្រាប់ ជញ្ជីង១គ្រឿង ព្រមទាំងសម្ភារៈសម្រាប់ច្រក និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្រោយមក កម្លាំងជំនាញបានបន្តពង្រីកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ៤នាក់ទៀត ដែលមានទំនាក់ទំនងផ្ទាល់នឹងការទិញគ្រឿងញៀនពីក្រុមនេះ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕
ដោយ៖ ជ្រោយពេជ្រ
