ចាប់ក្មេងទំនើងជិះម៉ូតូសៀតដាវពេលយប់ ម្នាក់អត់រាងចាលចូលប៉ុស្តិ៍ជាលើកទី៣

ចាប់ក្មេងទំនើងជិះម៉ូតូសៀតដាវពេលយប់ ម្នាក់អត់រាងចាលចូលប៉ុស្តិ៍ជាលើកទី៣

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានចុះបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ២នាក់ ដែលម្នាក់ធ្លាប់ចូលប៉ុស្តិ៍ជាលើកទី៣ ពាក់ព័ន្ធកាន់កាប់អាវុធកែច្នៃខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន។

ឃាត់ខ្លួនក្មេងទំនើង

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០ និង៥៥នាទីយប់ ថ្ងៃទី១២ ឧសភា ២០២៦ នៅចំណុចផ្លូវជាតិលេខ១១០ ភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ គួយ រក្សា ហៅស្វិត ភេទប្រុស អាយុ ១៥ឆ្នាំ ធ្លាប់ត្រូវបានអប់រំ និងធ្វើកិច្ចសន្យានៅប៉ុស្តិ៍ចំនួន ២លើករួចមកហើយ (លើកទី១ បង្ហោះម៉ូតូ លើកទី២ ហិង្សាដោយចេតនា)។ រីឯជនសង្ស័យទី២ ឈ្មោះ ញាណ ភក្តី ហៅកុយ ភេទប្រុស អាយុ ១៧ឆ្នាំ។

វត្ថុតាងដាវ និងគ្រឿងញៀន

ជនសង្ស័យទាំង២នាក់ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ហើយសុទ្ធតែមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ Honda Dream C125 ពណ៌ខ្មៅគ្មានផ្លាកលេខ ១គ្រឿង, ដាវផ្លែដែកដងឈើប្រវែង ៦៥សង់ទីម៉ែត្រ ១ដើម, ទូរស័ព្ទដៃ ១គ្រឿង, ដែកកេះ ២, និងកែវជក់គ្រឿងញៀន ១។

ម៉ូតូរបស់ជនសង្ស័យ

លោកអធិការបានបន្តថា មុនពេលឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូឌុបគ្នាដោយសៀតដាវនៅនឹងតួម៉ូតូ ជិះចុះឡើងតាមដងផ្លូវ។ ប្រជាពលរដ្ឋប្រទះឃើញក៏មានការសង្ស័យ ហើយបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្ពប រហូតឈានដល់ការចុះអន្តរាគមន៍ឃាត់ខ្លួន។

ការឃាត់ខ្លួនក្មេងទំនើង

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានសារភាពថា ដាវកែច្នៃពិតជារបស់ខ្លួន ដោយយកទុកសម្រាប់ការពារខ្លួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles