ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ ព្រមទាំងដកហូតសារធាតុញៀនជាង ៣០០ ក្រាម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំប្រតិបត្តិការនេះ ដោយសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា នៅវេលាម៉ោង ២១:៥៥ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបនៅភូមិផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បន្ទាប់មក នៅវេលាម៉ោង ១១:១០ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងបានបន្តពន្លាតដែនសមត្ថកិច្ចទៅស្រុកសំពៅពូន ខេត្តកណ្តាល ដោយសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន និងសម្របសម្រួលនីតិវិធីដោយលោក គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបជាក់ស្តែងនៅចំណុចចំការស្វាយ ភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន។

បញ្ជីជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានដូចខាងក្រោម៖
- ១. ឈ្មោះ ស៊ាង លីវណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលក្រសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ
- ២. ឈ្មោះ ធី ទីន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រាំងព្រែកផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង
- ៣. ឈ្មោះ គង់ សុជាតិ ហៅកាក់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រាំងព្រៃផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង
- ៤. ឈ្មោះ ភី សុភាព (ហៅ រី) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្តី ឃុំត្រលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង
- ៥. ឈ្មោះ ស ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជប់រំដេង ឃុំក្រទួត ស្រុកស្វាយលើ ខេត្តសៀមរាប
វត្ថុតាងដកហូតរួមមាន៖

- ម្សៅក្រាមពណ៌សថ្លា ១៣ កញ្ចប់ ទម្ងន់ ៣៤៣.៨៩ ក្រាម
- ជញ្ជីងថ្លឹងថ្នាំញៀន ១ គ្រឿង
- ដាវដែក ២ ដើម
- ទូរស័ព្ទ ៨ គ្រឿង
- ម៉ូតូ ២ គ្រឿង
- ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន
បច្ចុប្បន្ននេះ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់។
