ក្រុមហ៊ុន RMA Cambodia ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ ២០០៤ កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia និងលោក Sami Malkawi នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Ford Motor Company ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក ភ្ញៀវកិត្តិយស អតិថិជន និងអ្នកសារព័ត៌មានប្រមាណជាង ២០០នាក់។

លោក ងន សាំង បានមានប្រសាសន៍ថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ ២០០៤ នេះ គឺជាសាខាទី ៩ របស់ក្រុមហ៊ុន Ford នៅកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបង្ខិតសេវាកម្មឱ្យកាន់តែជិតស្និទ្ធជាមួយអតិថិជន។ លោកបន្តថា ក្រុមហ៊ុនមិនត្រឹមតែផ្តោតលើការផ្តល់រថយន្ត និងសេវាកម្មដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈរោងចក្រផលិតរថយន្ត Ford នៅខេត្តពោធិ៍សាត់ ដែលបានបង្កើតឱកាសការងារជាច្រើន ព្រមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។

លោក Sami Malkawi បានថ្លែងអបអរសាទរដល់ Ford Cambodia ក្នុងឱកាសសម្ពោធសាខាថ្មីនេះ និងបានសរសើរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ Ford Cambodia ដែលបានបំបែកកំណត់ត្រាថ្មីនៃការលក់រថយន្តថ្មីច្រើនបំផុតប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានទីផ្សាររហូតដល់ ២៥ ប្រទេស ដែលជាកំណត់ត្រាថ្មីដ៏គួរឱ្យមោទនភាពសម្រាប់កម្ពុជា។

គួរបញ្ជាក់ថា អគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ ២០០៤ ថ្មីនេះ គឺជាអគារស្តង់ដារអន្តរជាតិ ដែលមានដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីចុងក្រោយគ្រប់ប្រភេទ ព្រមទាំងផ្តល់សេវាកម្មជួសជុលដោយក្រុមជាងជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និងប្រើប្រាស់គ្រឿងបន្លាស់សុទ្ធពីក្រុមហ៊ុន Ford ដើម។

អគារនេះមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 089 777 033 / 098 777 033 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។





