កម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ រួមនឹងរថយន្តស៊េរីទំនើបៗចំនួន ១១គ្រឿង បន្ទាប់ពីរថយន្តទាំងនោះត្រូវបានដឹកយកទៅប្លង់(លក់)ចោលនៅក្នុងភូមិសាស្ត្រភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនទាំង៤នាក់ រួមមាន៖ ១. លោក HONG MiNGMONG អាយុ ៣២ឆ្នាំ, ២. លោក XIAO CHENXI អាយុ ២៦ឆ្នាំ, ៣. លោក HU TAO អាយុ ២៣ឆ្នាំ និង ៤. លោក JIA DEJUN អាយុ ៣៩ឆ្នាំ។
តាមការបញ្ជាក់ពីប្រភពព័ត៌មាន ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្តស៊េរីទំនើបចំនួន ១១គ្រឿង ត្រូវបានដឹកយកមកប្លង់(លក់)ចោលនៅភូមិសាស្ត្រខាងលើនោះ កម្លាំងជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនជាតិចិនទាំង៤នាក់ និងនាំយករថយន្តទាំងអស់ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធីច្បាប់។
រថយន្តដែលត្រូវបានឃាត់ខ្លួននេះ ភាគច្រើនសុទ្ធតែជារថយន្តម៉ាកល្បីៗ និងទំនើបៗ ដែលមានតម្លៃខ្ពស់។ បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចកំពុងបន្តការសាកសួរ និងពង្រីកការស៊ើបអង្កេត ដើម្បីស្វែងរកពាក់ព័ន្ធបន្ថែមទៀត។
សូមបញ្ជាក់ថា ការប្លង់(លក់)រថយន្តដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ គឺជាទង្វើល្មើសនឹងច្បាប់ ហើយសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយឥតគិតប្រយោជន៍។
ដោយ៖ ជ្រោយពេជ្រ
