ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាបន្ទាន់នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ អំពីស្ថានភាពអាកាសធាតុនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដោយសារឥទ្ធិពលនៃរបបខ្យល់មូសុងនិរតីដែលកំពុងបក់បោរខ្លាំងលើតំបន់ឈូងសមុទ្របេងហ្គោល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង និងសមុទ្រកម្ពុជា។

ក្រសួងធនធានទឹក បានបញ្ជាក់ថាស្ថានភាពនេះនឹងបន្តធ្វើឱ្យប៉ះពាល់ដល់ធាតុអាកាសចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖
១. តំបន់វាលទំនាប
សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ ល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២៥%។

២. តំបន់ខ្ពង់រាប
សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥%។
៣. តំបន់មាត់សមុទ្រ
សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៥°C។ ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដីរហូតដល់ ៣០% ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,០០ម៉ែត្រ។

សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតអាកាសធាតុដែលអាចបង្កឱ្យមានគ្រោះថ្នាក់នានា។
ដោយ៖ តារា
