ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ បានបើករថយន្ត Toyota Prius ដោយមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត GAC S7 ពីក្រោយ ខណៈដែលរថយន្តខាងមុខកំពុងឈប់រង់ចាំភ្លើងស្តុបក្រហម បណ្តាលឱ្យខូចខាតទាំងសងខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងផ្លូវ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត GAC S7 ពាក់ផ្លាកលេខ កម្ពុជា ENW.0189 កំពុងឈប់រង់ចាំភ្លើងស្តុបក្រហម។ រំពេចនោះ ស្រាប់តែមានបុរសជនជាតិវៀតណាមម្នាក់ បើករថយន្ត Toyota Prius ពាក់ផ្លាកលេខ ភ្នំពេញ 2AI-2723 មកពីក្រោយក្នុងល្បឿនលឿន ដោយមិនប្រយ័ត្ន ក៏ជ្រុលទៅបុកបណ្តាលឱ្យខូចខាតទាំងសងខាង។

ជាសំណាងល្អ គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ ក្រោយពេលកើតហេតុ ភាគីខាងរថយន្ត Toyota Prius បានទទួលចេញថ្លៃជួសជុលរថយន្ត GAC S7 ទាំងស្រុង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ដោយមិនចាំបាច់ឈានដល់ការអន្តរាគមន៍ពីសមត្ថកិច្ចឡើយ។

ដោយ៖ សុខាសែនជ័យ
