ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព ដែលអតីតយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋទូទាំងប្រទេស បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩។

ពិធីនេះប្រព្រឹត្តទៅអនុលោមតាមអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកតម្កើងវីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ។
សម្តេចធិបតីបានថ្លែងបន្តថា សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិឃុបឃិតជាមួយបរទេស បានបង្កើតរបបប្រល័យពូជសាសន៍ ប៉ុលពត និងបំផ្លិចបំផ្លាញសង្គមសេដ្ឋកិច្ចដល់ឫសគល់។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តជនជាបន្តបន្ទាប់។

ទោះជាយ៉ាងណា សម្តេចធិបតីបានសម្តែងការបរិហារយ៉ាងខ្លាំងចំពោះសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានវាយសំរុកចូលទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា បំផ្លាញផ្ទះសម្បែងប្រជាជន និងបិទសិទ្ធិជនភៀសសឹកកម្ពុជាមិនឱ្យត្រឡប់ទៅលំនៅឋានវិញ ដែលជាការរំលោភច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌។

សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាដល់យុទ្ធជនពលី ប្រជាជនស្លូតត្រង់ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។ គ្រប់ស្ថាប័នរដ្ឋ ឯកជន និងប្រជាជន បានបង្ហាញសាមគ្គីភាពក្នុងការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈនិងស្មារតីដល់វីរៈកងទ័ព និងជនភៀសសឹក និងផ្តល់អាទិភាពដល់អតីតយុទ្ធជន និវត្តជន ទទួលបានសេវាសាធារណៈ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។
ដោយ៖ សិលា
