ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩និង៥៥នាទីព្រឹក បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន។

កម្លាំងបានចុះបង្ក្រាបនៅភូមិផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បន្ទាប់មកពន្លាតដែនសមត្ថកិច្ចទៅខេត្តកណ្តាល វេលាម៉ោង ១១និង១០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សហការជាមួយកម្លាំងមូលដ្ឋានក្រុងសំពៅពូន និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចុះបង្ក្រាបជាក់ស្តែងនៅចំការស្វាយ ភូមិព្រែកសុឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ក្នុងប្រតិបត្តិការនេះ កម្លាំងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៥ នាក់ ប្រុស រួមមាន៖
– ឈ្មោះ ស៊ាង លីវណ្ណា អាយុ៣៣ឆ្នាំ ស្នាក់នៅស្រុកអង្គរបូរី ខេត្តតាកែវ
– ឈ្មោះ ធី ទីន អាយុ២២ឆ្នាំ ស្នាក់នៅស្រុកពាមជរ ខេត្តព្រៃវែង
– ឈ្មោះ គង់ សុជាតិ (ហៅកាក់) អាយុ២៩ឆ្នាំ ស្នាក់នៅស្រុកពាមជរ ខេត្តព្រៃវែង
– ឈ្មោះ ភី សុភាព (ហៅរី) អាយុ៣៨ឆ្នាំ ស្នាក់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង
– ឈ្មោះ ស ចាន់ អាយុ២៥ឆ្នាំ ស្នាក់នៅស្រុកស្វាយលើ ខេត្តសៀមរាប

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១៣ កញ្ចប់ ទម្ងន់៣៤៣.៨៩ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ១ គ្រឿង, ដាវដែក ២ ដើម, ទូរស័ព្ទ ៨ គ្រឿង, ម៉ូតូ ២ គ្រឿង និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
ដោយ៖ សុខាសែនជ័យ
