កំពង់សីលា៖ ប្រជាពលរដ្ឋនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ កំពុងព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានសត្វដំរីព្រៃមួយហ្វូងបានចុះមកបំផ្លាញដំណាំដូង និងដំណាំផ្សេងទៀតក្នុងចំការ ព្រមទាំងឈានដល់ការអុកឡុកផ្ទះសម្បែងរបស់ពួកគាត់ផងដែរ។

បើតាមការឲ្យដឹងពីលោក ឆាយ សុគន្ធា អភិបាលស្រុកកំពង់សីលា នៅថ្ងៃទី១២ ឧសភា ២០២៦ នេះថា អាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែង ហើយអាចធ្វើបានត្រឹមតែវិធានការបង្អើលសត្វដំរីឲ្យវិលត្រឡប់ទៅក្នុងព្រៃវិញតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ដោយសារដំរីព្រៃជាសត្វស្ថិតក្រោមការអភិរក្ស និងការពារដោយច្បាប់ ទើបអាជ្ញាធរមិនអាចប្រើវិធានការក្តៅដូចជាការបាញ់សម្លាប់ ឬប្រើអាវុធបានឡើយ។

ពលរដ្ឋនៅតំបន់នោះបានស្នើសុំឲ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយរកវិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យដំណាំស្រូវ ដូង និងដំណាំផ្សេងទៀតរបស់ពួកគាត់ត្រូវខូចខាតអស់។

គួរបញ្ជាក់ថា ការការពារ និងអភិរក្សជីវៈចម្រុះ សត្វព្រៃ និងព្រៃឈើ កាន់តែប្រសិទ្ធភាពខ្ពស់ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយដល់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការរកចំណូលពីទេសចរណ៍ធម្មជាតិ។ មន្ត្រីជំនាញក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថា «សូមនិយាយថាទេ! ចំពោះសាច់សត្វ និងផលិតផលពីសត្វព្រៃ គឺមានន័យថា លោកអ្នកបានចូលរួមបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ»។

ដោយ៖ សិលា
