ប្រច័ណ្ឌស្នេហាផ្ទុះអាវុធដៃ! នគរបាលខណ្ឌទួលគោកឃាត់ខ្លួនយុវជន៥នាក់វាយគូភ្នែកដណ្ដឹងសង្សារជិតភ្លឺ

ប្រច័ណ្ឌស្នេហាផ្ទុះអាវុធដៃ! នគរបាលខណ្ឌទួលគោកឃាត់ខ្លួនយុវជន៥នាក់វាយគូភ្នែកដណ្ដឹងសង្សារជិតភ្លឺ

កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បន្ទាប់ពីមានទំនាស់ពាក្យសម្ដីគ្នា ដែលផ្តើមចេញពីការប្រច័ណ្ឌសង្សារ រហូតឈានដល់ការប្រើអំពើហិង្សាវាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួស។

រូបភាពទី១

ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៤:៥៥នាទីល្ងាច នៅចំណុចតាមបណ្ដោយផ្លូវលេខ៥៩២ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃដដែល នៅក្នុងភោជនីយដ្ឋានយីហោ ESCAPE តាមបណ្ដោយផ្លូវលេខ៦០៨ ក្រុមទី៣៤ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

រូបភាពទី២

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ភាគីទាំងសងខាងបានមានទំនាស់ពាក្យសម្ដីគ្នា ដោយសាររឿងប្រច័ណ្ឌស្នេហា។ ក្រោយមកជនសង្ស័យមួយក្រុមមានគ្នា ៥នាក់ បាននាំគ្នាប្រើដៃវាយទៅលើជនរងគ្រោះ២នាក់បណ្ដាលឲ្យរងរបួសស្រាល។ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមាន៖ ឈ្មោះ សំ សុភ័កត្រា ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ ឆេន ម៉េងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះ អោម លីងជុង ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះ ប៉ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឡុង រតនៈមិនា ភេទប្រុស អាយុ២៣ឆ្នាំ។

រូបភាពទី៣

ក្នុងហេតុការណ៍នេះ ជនរងគ្រោះឈ្មោះ សុង លីហ៊ាង បានរងរបួសជាំភ្នែកខាងឆ្វេង រយះចុងចិញ្ចើមខាងស្ដាំ និងរលាត់ប្រអប់ដៃទាំងសងខាង ខណៈជនរងគ្រោះឈ្មោះ ជា សម្បត្តិលីហួរ បានរងរបួសរលាត់ស្បែកដៃខាងឆ្វេង។

រូបភាពទី៤

បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

រូបភាពទី៥
រូបភាពទី៦
រូបភាពទី៧

administrator

Related Articles