ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ០៣:១០ នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យអ្នកថ្មើរជើងម្នាក់ស្លាប់យ៉ាងអណោចអធម។

លោក ព្រំ សំអុល នាយផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង ប៉ូល ភេទប្រុស អាយុ ៧៣ ឆ្នាំ ជាអនិកជនខ្មែរ-អាមេរិក កំពុងដើរឆ្លងកាត់ផ្លូវជាតិលេខ១ ពីជើងទៅត្បូង ត្រូវបានរថយន្តម៉ាក SSANGYONG ISTANA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2o-17.44 បុកបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។

អ្នកបើកបររថយន្តឈ្មោះ សាត់ យាន ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោយពេលបង្កហេតុ បានបើករថយន្តរត់គេចខ្លួនរហូតទៅដល់ខេត្តស្វាយរៀង ទើបសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនបាន និងប្រគល់ជូនសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់។

សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចនាំយកមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីច្បាប់។

