ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានថ្លែងថា កម្ពុជាធ្លាប់ហែលឆ្លងដំណាក់កាលដ៏សែនជូរចត់ និងផ្លាស់ប្តូរជាប្រវត្តិសាស្ត្រជាច្រើនលើក ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន។

សម្តេចធិបតីបានរំលឹកពីការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ នៅថ្ងៃទី១៨ មីនា ១៩៧០ ដឹកនាំដោយលោក លន់ នុល និងការដួលរលំនៅថ្ងៃទី១៧ មេសា ១៩៧៥។ ប្រជាជនសង្ឃឹមថានឹងបានរស់សុខសាន្ត ប៉ុន្តែក្តីសង្ឃឹមត្រូវបានរលាយបាត់បង់ដោយសារការប្លន់អំណាច និងនយោបាយផ្តាច់ការប្រល័យពូជសាសន៍របស់ ប៉ុល ពត ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្វើឲ្យកម្ពុជាក្លាយជាគុកឥតជញ្ជាំង និងវាលពិឃាតដ៏ឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

សម្តេចធិបតីបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅសាលមហោស្រពកោះពេជ្រ ព្រឹកថ្ងៃទី១៥ ឧសភា ២០២៦។

សម្តេចធិបតីបានថ្លែងបន្តថា ស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរ កម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធដែលបន្សល់ពីការកាប់សម្លាប់របស់ប៉ុលពត បានក្រោកតស៊ូដោយវីរៈភាព។ កងទ័ពរណសិរ្សដឹកនាំដោយ សម្តេចជា ស៊ីម, សម្តេចហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានការគាំទ្រពីប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ ទទួលជោគជ័យនៅថ្ងៃទី៧ មករា ១៩៧៩។


នាឱកាសនោះ សម្តេចធិបតីបានបញ្ជាក់ថា ជ័យជម្នះ ៧មករាបានជួយសង្គ្រោះអាយុជីវិត និងផ្តល់កំណើតទី២ដល់ប្រជាជនកម្ពុជា នាំមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ធ្វើឲ្យសង្គមជាតិរស់ឡើងវិញ និងរួមចំណែកកសាងសន្តិសុខ សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមជូនមាតុភូមិ។



ដោយ៖ សិលា
