សោកនាដកម្មដ៏រន្ធត់! គូស្នេហ៍ត្រៀមភ្ជាប់ពាក្យលង់ទឹកស្លាប់ទាំង២នាក់ ខណៈមកលេងផ្ទះខាងស្រី

សោកនាដកម្មដ៏រន្ធត់! គូស្នេហ៍ត្រៀមភ្ជាប់ពាក្យលង់ទឹកស្លាប់ទាំង២នាក់ ខណៈមកលេងផ្ទះខាងស្រី

ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍ដ៏រន្ធត់ និងគួរឱ្យសង្វេគមួយបានកើតឡើង កាលពីវេលាម៉ោង ៣:៣០ នាទី រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីគូស្នេហ៍មួយគូដែលត្រៀមនឹងភ្ជាប់ពាក្យជាមួយគ្នា បានលង់ទឹកស្លាប់ទាំង២នាក់ នៅចំណុចទំនប់បឹងធំ ស្ថិតក្នុងភូមិដំណាក់ពពួល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

រូបថតកន្លែងកើតហេតុ

ជនរងគ្រោះខាងស្រីមានឈ្មោះ អ៊ុយ លីហៀង អាយុ ២៥ឆ្នាំ រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំណែកជនរងគ្រោះខាងប្រុសមានឈ្មោះ ហួរ មានទីលំនៅរាជធានីភ្នំពេញ។

បើតាមប្រភពពីក្រុមគ្រួសារបានឱ្យដឹងថា អ្នកទាំងពីរធ្វើការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានស្រឡាញ់គ្នា រហូតឈានដល់ការនាំមកជួបចាស់ទុំដើម្បីរៀបចំពិធីភ្ជាប់ពាក្យនាពេលឆាប់ៗខាងមុខ។

រូបថតសមត្ថកិច្ចកំពុងរុករក

យោងតាមសម្តីយុវជនឈ្មោះ អ៊ុយ លីឆ័ន្ត អាយុ ១៥ឆ្នាំ ដែលត្រូវជាប្អូនប្រុសជនរងគ្រោះ និងស្ថិតក្នុងហេតុការណ៍នោះបានរៀបរាប់ថា នៅថ្ងៃកើតហេតុ បងស្រី និងអនាគតបងថ្លៃ ព្រមទាំងរូបគេ បាននាំគ្នាមកស្ទូចត្រីនៅទំនប់បឹងធំ។

ក្នុងអំឡុងពេលនោះ បងស្រីបានចុះងូតទឹកលេង ប៉ុន្តែក៏រអិលជើងធ្លាក់ចូលរណ្តៅជ្រៅ ភ្លាមៗនោះ ឈ្មោះ ហួរ ខាងប្រុស បានស្ទុះទៅជួយ ប៉ុន្តែជាអកុសលក៏បានលិចបាត់ និងស្លាប់បាត់បង់ជីវិតទាំង២នាក់តែម្តង។

រូបថតសពជនរងគ្រោះ

ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងប្រើពេលរុករករយៈពេលជាង២ម៉ោង ទើបរកឃើញសពជនរងគ្រោះទាំង២នាក់នៅក្បែរគ្នា។ បើតាមការពិនិត្យជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា ចំណុចនោះជារណ្តៅដែលគេជីកយកដីមានជម្រៅជ្រៅ ដែលបង្កជាគ្រោះថ្នាក់។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ និងប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី ទាំងក្តីក្តុកក្តួលបំផុត៕
ដោយ៖ ចន្ថា

administrator

Related Articles