រថយន្ត Mercedes ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S-0011 ត្រូវបានអណ្តាតភ្លើងឆាបឆេះខូចខាតអស់ទាំងស្រុង ខណៈកំពុងបើកបរលើផ្លូវ ២០០៤។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១:៤០ រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចស្តុបផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តបើកបរពីលិចទៅកើត លុះហួសស្តុបណតប្រីដមកលើផ្លូវ ២០០៤ វិញបានបន្តិច ស្រាប់តែឃើញមានផ្សែងហុយចេញពីផ្នែកខាងមុខ មុននឹងឆាបឆេះយ៉ាងឆាប់រហ័ស បង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរៗនោះ។

ក្រោយទទួលបានដំណឹង រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តជំនួយក្រុមហ៊ុនឯកជន ចំនួន ២ គ្រឿង បានមកជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។

បើតាមការសន្និដ្ឋានបឋម សមត្ថកិច្ចសង្ស័យថាបណ្តាលមកពីការឆ្លងប្រព័ន្ធភ្លើង ប៉ុន្តែនៅបន្តស្រាវជ្រាវរកមូលហេតុពិតប្រាកដបន្ថែមទៀត។



