ខេត្តបន្ទាយមានជ័យ៖ រឿងចម្លែកមួយកំពុងធ្វើឲ្យឧបាសក ឧបាសិកា និងអ្នកប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីសមត្ថកិច្ចបានរកឃើញថា ភិក្ខុសង្ឃមួយអង្គគឺព្រះនាម គាត សីហា (ហៅ គឹម សុខជា) ជន្មាយុ៣៧វស្សា គង់នៅវត្តរតនារាមផ្សារកណ្តាល ក្រុងប៉ោយប៉ែត បែរជាមានផ្ទះជួលមួយល្វែងដ៏ស្កឹមស្កៃ សម្រាប់ឲ្យជនបរទេសជួលធ្វើជាកន្លែងឆបោកតាមប្រព័ន្ធអនឡាញ (Scams Online)។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះដឹកនាំដោយអគ្គស្នងការរងនគរបាលជាតិបានចុះបង្ក្រាបក្រុមជនបរទេសប្រមាណ១៣០នាក់ ដែលស្នាក់នៅផ្ទះមួយកន្លែងក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ ក្រោយពេលឡោមព័ទ្ធ សមត្ថកិច្ចបានស្វែងរកម្ចាស់ផ្ទះឲ្យមកចូលរួម ប៉ុន្តែបែរជាដឹងថាម្ចាស់ផ្ទះនោះជាភិក្ខុសង្ឃ ធ្វើឲ្យអ្នកពាក់ព័ន្ធស្រឡាំងកាំងយ៉ាងខ្លាំង។

សមត្ថកិច្ចម្នាក់បានលាន់មាត់ថា៖ «ខ្ញុំធ្វើការជិតចូលនិវត្តន៍ហើយ នៅមិនទាន់មានប្រាក់សង់ផ្ទះល្អដូចព្រះតេជគុណអង្គនេះនៅឡើយទេ! ព្រះតេជគុណខ្លាំងមែន មានលុយទិញដី និងសង់ផ្ទះថ្មីសន្លាងចំនួន១០បន្ទប់ បំពាក់ម៉ាស៊ីនត្រជាក់គ្រប់បន្ទប់»។

ព្រះគ្រូសិរីរក្ខិតវង្ស តែម ម៉ាច ព្រះចៅអធិការវត្តរតនារាម ផ្សារកណ្តាល បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ព្រះអង្គមិនបានដឹងរឿងនេះទេ។ រហូតមកដល់ពេលនេះ ភិក្ខុ គាត សីហា នៅមិនទាន់មានការបកស្រាយអ្វីឡើយជុំវិញការសង់ផ្ទះធ្វើអាជីវកម្មនេះ។
ប្រជាពុទ្ធបរិស័ទជាច្រើនបានសម្ដែងការអស់ជំនឿ និងរិះគន់ថា ការដែលអ្នកបួសធ្វើអាជីវកម្មបែបនេះគឺមិនត្រឹមត្រូវទេ ព្រោះបើចង់រកស៊ីគួរលាចាកសិក្ខាបទសិន។ ពួកគេសង្ឃឹមថាមន្ត្រីសង្ឃនឹងពិចារណារឿងនេះឲ្យបានល្អិតល្អន់ ដើម្បីកុំឲ្យពុទ្ធបរិស័ទធ្លាក់ជំនឿលើព្រះពុទ្ធសាសនាទៅថ្ងៃមុខ។

លោកវរសេនីយ៍ទោ រ៉េន សុភ័ក្ត អធិការរងទួលផែនព្រហ្មទណ្ឌកម្រិតស្រាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា អាជ្ញាធរបានឲ្យភិក្ខុអង្គនោះនិមន្តទៅគង់នៅវត្តរតនារាមវិញហើយ ដោយមិនបានឃុំព្រះកាយឡើយ ព្រោះព្រះអង្គជាសង្ឃ។
ព្រះអនុគណក្រុងប៉ោយប៉ែត ភិក្ខុ ប៉ោ សុខឿន បានមានថេរដីកាដោយហួសចិត្តថា៖ «អាត្មាពិតជាហួសចិត្ត វាខុសធ្ងន់ណាស់ គ្មានអ្នកបួសឯណាគេធ្វើអាជីវកម្មដូចឧបាសកនោះទេ!»។ ព្រះអង្គបានប្រកាសថានឹងកោះប្រជុំព្រះមន្ត្រីសង្ឃដើម្បីពិភាក្សាលើបញ្ហាប្រឈមនេះ ដើម្បីកុំឲ្យព្រះពុទ្ធសាសនាដើរថយក្រោយដោយសារតែករណីបែបនេះ៕
