ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា។

នេះគឺជាព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់ ក្នុងស្មារតីផ្សារភ្ជាប់ជាមួយប្រជាជនកម្ពុជាគ្រប់រូប ឱ្យចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់។

សម្ដេចធិបតីបានថ្លែងបង្ហាញការកោតសរសើរចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើការយ៉ាងសកម្មលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងសម្រាប់ផ្ដល់ជូនអតីតយុទ្ធជន និងនិវត្តជននៅតាមបណ្ដាខេត្ត។
សម្ដេចបានសរសើរដល់សមាគមអតីតយុទ្ធជន និងក្រុមជាងដែលខិតខំសាងសង់ផ្ទះបណ្ដោះអាសន្នដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយប្រើពេលត្រឹមតែពីរខែ អាចសាងសង់បានជាង២ពាន់ខ្នង។ ប៉ុន្ដែសម្ដេចបានគូសបញ្ជាក់ថា ផ្ទះ២ពាន់ខ្នងនេះ បើមានសង្គ្រាមគេប្រើយន្តហោះទម្លាក់គ្រាប់តែមួយភ្លែតគឺខ្ទេចខ្ទីអស់។

សម្ដេចធិបតីបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានរួបរួមសាមគ្គីគ្នាគាំទ្រជួយដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ ក្នុងកាលៈទេសៈកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ។ សម្ដេចអំពាវនាវដល់ពលរដ្ឋសូមបន្តស្មារតីសាមគ្គីភាពនេះ កុំមានត្រឹមរយៈពេលខ្លីដូចភ្លើងចំបើង។

សម្ដេចធិបតីបានថ្លែងថា ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។

សម្ដេចបានបញ្ជាឱ្យក្រុមការងាររៀបចំឆ្លាក់ទិដ្ឋភាពសំខាន់ៗចំនួនបីនៅវិមានឈ្នះឈ្នះ ដែលបណ្ដាលមកពីការឈ្លានពានរបស់ថៃមកលើកម្ពុជា៖ ទី១ ឆ្លាក់អំពីការឈឺចាប់នៃសង្គ្រាមឈ្លានពានដូចជារូបជនភៀសសឹក ទី២ ទិដ្ឋភាពនៃវីរភាពរបស់វីរកងទ័ព វីរនគរបាល និងទី៣ ទិដ្ឋភាពនៃកម្លាំងសាមគ្គីភាពនៃមហាគ្រួសារខ្មែរទូទាំងពិភពលោក។

សម្ដេចក៏បានបញ្ជាឱ្យសាងសង់ស្ដូបរម្លឹកដល់វីរយុទ្ធជនដែលបានពលីច្បាំងការពារទឹកដីក្នុងពេលថៃឈ្លានពាន ដើម្បីរម្លឹកជាប្រចាំដល់កូនចៅជំនាន់ក្រោយ ព្រមទាំងបញ្ជាឱ្យសិក្សារៀបចំមេដាយពិសេសសម្រាប់ជូនដល់វីរកងទ័ព វីរនគរបាល ដែលចូលរួមក្នុងប្រតិបត្តិការការពារទឹកដីពីថៃឈ្លានពានក្នុងឆ្នាំ២០២៥។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ជាថ្មីថា ទោះបីជាមានសង្ឃឹមត្រឹម១ភាគរយ ក្នុងការដោះស្រាយបញ្ហាជាមួយថៃដោយសន្ដិវិធី ក៏សម្ដេចត្រូវតែយកយន្តការនេះធ្វើការដោះស្រាយដែរ ជាជាងធ្វើសង្គ្រាមច្បាំងដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងខ្ទេចខ្ទីអស់ហេដ្ឋារចនាសម្ព័ន្ធ។

សម្ដេចបានថ្លែងអំពាវនាវដល់ពលរដ្ឋបន្តចូលរួមគាំទ្រ ឧបត្ថម្ភដល់ពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ។ សម្ដេចបានមានប្រសាសន៍ថា «សូមកុំភ្លេចបងប្អូនយើងនៅខាងមុខ! ខឿនការពារជាតិត្រូវបន្ត កុំឈប់»។

ទាក់ទងនឹងការកែទម្រង់វិស័យការពារជាតិ សម្ដេចបានថ្លែងថា រាជរដ្ឋាភិបាលកំពុងធ្វើការកែទម្រង់ដោយពង្រឹងទៅលើប្រព័ន្ធអភិបាលកិច្ច និងជំរុញការបើកបៀវត្សយោធិនទាំងអស់តាមប្រព័ន្ធធនាគារ។

សម្ដេចក៏បានថ្លែងអំពីការអនុវត្តកាតព្វកិច្ចយោធាថា ចំណេញធំបំផុតគឺការបណ្ដុះគំនិតស្នេហាជាតិដល់យុវជនខ្មែរ ដោយក្រោយពេលហ្វឹកហាត់២៤ខែ យុវជននឹងមានស្មារតី គំនិតស្នេហាជាតិ។ សម្ដេចបានបញ្ជាក់ថា «សូមកុំមើលឃើញថាជាប់កាតព្វកិច្ចយោធាថាជាបន្ទុក ប៉ុន្ដែត្រូវចាត់ទុកថាជាមោទនភាពជាតិ»។

នាឱកាសនោះដែរ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ៧មករា ១៩៧៩ បានរំដោះប្រទេសជាតិ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។

លោកបានបន្តថា បច្ចុប្បន្នអតីតយុទ្ធជន និងនិវត្តជនមានចំនួនសរុប ១៧៧,២៨១នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកសរុបចំនួន ១៧៧,៨៧៧នាក់ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ក្នុងនោះអត្រាទាបបំផុតចំនួន ៨៤៥,០០០រៀល។
ដោយឡែកលោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត រួមជាមួយក្រសួង ស្ថាប័ន សប្បុរសជននានា បានសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារជនពលី ជនមរណៈ គិតត្រឹមឆ្នាំ២០២៥ បានចំនួនប្រមាណ ៧,៥០០ខ្នងផ្ទះ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធានានឹងដោះស្រាយបញ្ហាដី និងផ្ទះសម្រាប់ផ្តល់ជូនអតីតយុទ្ធជន និវត្តជនក្រីក្រដែលគ្មានដី គ្មានផ្ទះ ឱ្យអស់ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល។
សូមជម្រាបជូនថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថ្ងៃទី១២ ខែឧសភា ជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩៕
ដោយ៖ តារា
