កម្លាំងអន្តរាគមន៍ពិសេសគយពីរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងស្តុកទំនិញមួយកន្លែងនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រតិបត្តិការនេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនមួយក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។ សមត្ថកិច្ចរកឃើញទំនិញល្មើសច្បាប់គយជាច្រើនប្រភេទ ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រ iPad ប្រើរួច ស្រាក្រហម ស្រាវីស្គី និងបារីជាច្រើន ដែលមិនបានបង់ពន្ធនាំចូលត្រឹមត្រូវតាមច្បាប់។

ទំនិញទាំងនោះត្រូវបានសង្ស័យថាជាសម្ភារបម្រើឲ្យសកម្មភាព Scams Online។ ក្រោយត្រួតពិនិត្យ សមត្ថកិច្ចបានដកហូតទំនិញទាំងអស់ដើម្បីរក្សាទុក និងចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ មនុស្សចំនួន៤នាក់ដែលជាម្ចាស់ទីតាំងត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ឧបករណ៍ និងសម្ភារទាំងនេះត្រូវបានដឹកជញ្ជូនពីរាជធានីភ្នំពេញមកលាក់ទុកនៅទីតាំងខាងលើ មុនត្រូវសមត្ថកិច្ចចុះបង្ក្រាប។
