ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងស្រាវជ្រាវលើមន្ត្រីម្នាក់ ដើម្បីចាត់វិធានការអនុវត្តវិន័យកងកម្លាំង ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យនៅលើបណ្ដាញសង្គម អមជាមួយសកម្មភាពបង្អួតសំឡេងកែច្នៃបំពង់ស៊ីម៉ាំងរថយន្ត។
តាមការប្រកាសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីការចែកចាយនៅលើបណ្ដាញសង្គម ជំហានដំបូង កងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវរកឃើញថា បុគ្គលរូបនេះពិតជាមានឈ្មោះក្នុងបញ្ជីក្របខណ្ឌ ស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាព។ បច្ចុប្បន្ននេះ កំពុងបន្តស្រាវជ្រាវដើម្បីចាត់វិធានការតាមនីតិវិធី។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានការចែកចាយឃ្លីបវីដេអូនៅលើបណ្ដាញសង្គម ពីសកម្មភាពបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីកងរាជអាវុធហត្ថ ប្រើប្រាស់ពាក្យសម្ដីឌីដងមិនសមរម្យ អមជាមួយការបង្អួតសំឡេងកែច្នៃបំពង់ស៊ីម៉ាំងរថយន្ត ដែលធ្វើឲ្យមហាជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំង។ សកម្មភាពនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អង្គភាព ដែលនាំឲ្យថ្នាក់ដឹកនាំត្រូវធ្វើការស្រាវជ្រាវ និងចាត់វិធានការជាបន្ទាន់៕
