ខេត្តត្បូងឃ្មុំ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសួង បានចុះល្បាតនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ប្រទះឃើញក្មេងស្ទាវមួយក្រុមចំនួន ០៥នាក់ ជិះម៉ូតូចំនួន ០២គ្រឿង ដោយមានដាវមួយដើមដាក់នៅក្រោមកែបម៉ូតូ និងអង្គុយពីលើដាវនោះ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់។

ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ូតូទាំង០២គ្រឿងរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ និងម៉ូតូម៉ាកស៊ូស៊ូគីនិច (Suzuki Nex) ពណ៌ស-លឿង សេរីឆ្នាំ២០២៦។ ក្រុមក្មេងទាំងនោះបានជិះចេញពីស្ថានីយប្រេងឥន្ធនៈកាល់តិច ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ។

ជនសង្ស័យទាំង០២នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ (១) ឈ្មោះ សាក់ក្រន សាទី ហៅ ណូប អាយុ ១៧ឆ្នាំ ជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ (ជាម្ចាស់ដាវ) និង (២) ឈ្មោះ សំណាង ហ្វេសសាលី ហៅ លីប អាយុ ១៨ឆ្នាំ ជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង០២នាក់មានទីលំនៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាមានគ្នាចំនួន ០៥នាក់ ជិះម៉ូតូ ០២គ្រឿង ចេញពីផ្ទះដើម្បីទៅរាំលេងកម្សាន្តនៅក្លឹប Temple ក្រុងកំពង់ចាម ដោយឈ្មោះ សាក់ក្រន សាទី ជាអ្នកដាក់ដាវតាមម៉ូតូទុកសម្រាប់ការពារខ្លួន។


បច្ចុប្បន្ននេះ ជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។
