ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសចាប់បង្ខាំង ធ្វើទារុណកម្មយ៉ាងឃោរឃៅ និងជំរិតទារប្រាក់ ដែលប្រព្រឹត្តនៅចំណុចកាស៊ីណូ «ស៊ីងហោភីក» និងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ (ចិន៣នាក់ និងខ្មែរ១នាក់) និងរំដោះជនរងគ្រោះជនជាតិចិនម្នាក់ដែលរងរបួសធ្ងន់ធ្ងរពេញខ្លួន។
ផែនការគ្រោងទុកជាមុន
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងដឹកនាំដោយឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញទទួលបានព័ត៌មានថា មានករណីចាប់ជំរិតទារប្រាក់នៅក្រុងព្រះសីហនុ បង្កដោយជនសង្ស័យជនជាតិចិន និងជនរងគ្រោះក៏ជាជនជាតិចិនដូចគ្នា។ ជនសង្ស័យបានបើករថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-4899 យកទៅភ្លុងចោលនៅភូមិស្មាច់ដែង សង្កាត់រាម។
កម្លាំងបានចុះទៅយករថយន្តនោះមករក្សាទុកនៅបញ្ជាការដ្ឋាន ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញា។ លុះដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៤០នាទី កម្លាំងចំនួន១០នាក់ដឹកនាំដោយ វរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលពី លោក វុធ សាវី ព្រះរាជអាជ្ញារង បានចុះទៅឡោមព័ទ្ធផ្ទះវីឡាមួយកន្លែងក្នុងភូមិ៥ សង្កាត់លេខ៤។
ពេលកម្លាំងកំពុងឡោមព័ទ្ធ ជនសង្ស័យបានដឹងខ្លួនចង់រត់គេច តែជនរងគ្រោះបានឆ្លៀតឱកាសរត់ចេញពីផ្ទះវីឡានោះ ហើយត្រូវបានសមត្ថកិច្ចជួយសង្គ្រោះបាន។ ជនរងគ្រោះឈ្មោះ HUANG ZEWEI អាយុ៣១ឆ្នាំ ជនជាតិចិន រងរបួសធ្ងន់ធ្ងរពេញខ្លួន។
ជនសង្ស័យទាំង៤នាក់
- ទី១៖ LAN HUAI MIN អាយុ៣៦ឆ្នាំ ជនជាតិចិន
- ទី២៖ SHIY INGYA អាយុ៣៦ឆ្នាំ ជនជាតិចិន
- ទី៣៖ ZHENG XIANG ZHU អាយុ៣៥ឆ្នាំ ជនជាតិចិន
- ទី៤៖ ជា ជ័យជេស្ដា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ
វត្ថុតាងដកហូតបាន
វត្ថុតាងដកហូតរួមមាន៖ ផ្លាកលេខរថយន្ត, ខ្នោះដៃចំនួន៧គូ, ដែកចុងស្រួច, ដែកទីប ប្រវែង២.៥ម៉ែត្រ, ដង្កាប់, ស្នាប់ដៃ, ខ្សែកៅស៊ូ, កូនកាំបិត, វិទ្យុទាក់ទង២គ្រឿង, កន្សែងប្រឡាក់ឈាម, វាំងននប្រឡាក់ឈាម, ស្រោមខ្នើយប្រឡាក់ឈាម, តង់កៅស៊ូប្រឡាក់ឈាម, ដែកជើងតុបាក់, វ៉ាលីពណ៌ខ្មៅ, ទូរសព្ទដៃ៦គ្រឿង, លិខិតឆ្លងដែនជនជាតិខ្មែរ ចិន និងឡាវ។
ករណីនេះ ជនសង្ស័យមានការរៀបចំគម្រោងទុកជាមុន (មានអង្គការចាត់តាំង) ដោយមានគ្នាប្រហែល ៧ ទៅ ៨នាក់ ជនជាតិចិន ហើយក្នុងចំណោមនោះ មានម្នាក់ជាមិត្តភក្តិរបស់ជនរងគ្រោះ ដែលដឹងពីស្ថានភាពរបស់ជនរងគ្រោះច្បាស់លាស់។
ជនសង្ស័យដែលជាមិត្តភក្តិរបស់ជនរងគ្រោះ បានហៅជនរងគ្រោះមកកាស៊ីណូមួយកន្លែង។ ក្រោយពេលទៅដល់ ជនសង្ស័យបាននាំជនរងគ្រោះឡើងទៅជាន់ទី១ រួចក៏ធ្វើសកម្មភាពចាប់ខ្លួនភ្លាមៗ ដោយគ្នារបស់គេចំនួន៤នាក់ ក្លែងបន្លំធ្វើជាសមត្ថកិច្ចប៉ូលីសចិន ថាជនរងគ្រោះបានប្រព្រឹត្តបទល្មើស រួចចាប់វាយខ្នោះដៃ ចងជើង ដាក់ចូលក្នុងវ៉ាលីធំពណ៌ខ្មៅ រុញចេញពីកាស៊ីណូ ដោយប្រើរថយន្តចំនួន៣គ្រឿងផ្លាស់ប្តូរគ្នា ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបានធ្វើទារុណកម្មជំរិតយកប្រាក់បានចំនួន ៥ម៉ឺនដុល្លារ។
ចំពោះជនសង្ស័យទាំង៤នាក់ ត្រូវបាននាំយកមកកាន់ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។
