រន្ធត់! ប្ដីប្រពន្ធជំរិតទារប្រាក់សម្លាប់ក្មួយស្រីអាយុ៥ឆ្នាំ ត្រូវតុលាការបញ្ជូនចូលពន្ធនាគារ

រន្ធត់! ប្ដីប្រពន្ធជំរិតទារប្រាក់សម្លាប់ក្មួយស្រីអាយុ៥ឆ្នាំ ត្រូវតុលាការបញ្ជូនចូលពន្ធនាគារ

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទពីរនាក់ប្ដីប្រពន្ធដាក់ពន្ធនាគារ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់បណ្ដាលឲ្យក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំបាត់ជីវិតយ៉ាងរន្ធត់។

រូបភាពករណីជំរិតទារប្រាក់

តាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាល ជនត្រូវចោទជាប្ដីមានឈ្មោះ គឹម វណ្ណា អាយុ៣៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងអាយុជនរងគ្រោះ តាមបញ្ញាត្តិមាត្រា ២៥៤ និងមាត្រា ២០២ នៃក្រមព្រហ្មទណ្ឌ។

រូបភាពជនសង្ស័យ

ចំណែកឈ្មោះ ធី ណារ៉ុង អាយុ២៧ឆ្នាំ (ជាប្រពន្ធ) ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងអាយុជនរងគ្រោះ តាមបញ្ញាត្តិមាត្រា ២៩ និងមាត្រា២៥៤ និងមាត្រា ២០២ នៃក្រមព្រហ្មទណ្ឌ។

រូបភាពសមត្ថកិច្ច

គួរជម្រាបថា ករណីចាប់ជំរិតក្មេងស្រីអាយុ៥ឆ្នាំ បានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនដៃដល់ឈ្មោះ គីម វណ្ណា ស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យជាប្ដីត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានក្រោយកើតហេតុ ចំណែកជនសង្ស័យជាប្រពន្ធត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ជនសង្ស័យត្រូវបានគេស្គាល់ថា គឺជាពូសាច់ថ្លៃ និងម្ដាយមីងបង្កើតរបស់ក្មេងស្រីជនរងគ្រោះ បានផ្ញើសារគំរាមឪពុកម្ដាយក្មេងរងគ្រោះ និងជំរិតទារប្រាក់ចំនួន ១ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងកូនស្រី។ ក្រោយពីទទួលបានសារពីជនសង្ស័យ ឪពុកម្ដាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែជនគ្រោះបានស្លាប់បាត់ទៅហើយ៕

administrator

Related Articles