ទៀតហើយ! ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិខ្មែរ៤នាក់ ពាក់ព័ន្ធក្រុមហ៊ុនដឹកជញ្ជូនក្លែងក្លាយស្ទឹងត្រែង ឆបោកអនឡាញ និងគេចពន្ធ

ទៀតហើយ! ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិខ្មែរ៤នាក់ ពាក់ព័ន្ធក្រុមហ៊ុនដឹកជញ្ជូនក្លែងក្លាយស្ទឹងត្រែង ឆបោកអនឡាញ និងគេចពន្ធ

ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនជនជាតិខ្មែរចំនួន៤នាក់ ក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងការនាំចូលទំនិញគេចពន្ធដ៏ធំមួយ ខណៈបក្ខពួកជនជាតិចិន និងជនសង្ស័យមួយចំនួនទៀតកំពុងរត់គេចខ្លួន។

វត្ថុតាងដកហូតបាន

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ជនត្រូវចោទទាំង៤នាក់ រួមមាន៖ ចាន់ ប៊ុនអែម, ប៊ុនថន ភក្តី, ចាន់ លីណា និងតេង គឹមហុង ត្រូវបានចោទប្រកាន់ពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមគំនិតលួចនាំចេញ-ចូលទំនិញគេចពន្ធ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងក្រុមហ៊ុន ស្ទឹងត្រែង សេកុង អឹមផត អិចផត ឯ.ក (Stung Treng Sekong Import Export Co., Ltd) ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ការដកហូតសម្ភារ​ប្រព័ន្ធអេឡិចត្រូនិក

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់ រួមមាន៖ បារីចិន និងស្រាចម្រុះជាច្រើនកេស, កុំព្យូទ័រយួរដៃ Dell ចំនួន១២គ្រឿង, ទូរស័ព្ទដៃ iPhone ប្រើរួចរហូតដល់ ៦៧៥គ្រឿង, គ្រឿងបន្លាស់កុំព្យូទ័រ (Keyboard, CPU, All-in-one Monitor) ជាច្រើនរយគ្រឿង ព្រមទាំងឧបករណ៍អេឡិចត្រូនិក និងរ៉ោតទ័រជាច្រើនទៀត។

វត្ថុតាងដកហូតពីទីតាំង

តាមការស៊ើបអង្កេតបឋម បទល្មើសនេះបានប្រព្រឹត្តតាំងពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃបង្ក្រាប។ ប្រភពពីអ្នកប្រកបអាជីវកម្មដឹកជញ្ជូនក្នុងក្រុងស្ទឹងត្រែងបានឲ្យដឹងថា ក្រុមហ៊ុនខាងលើគឺជាទីតាំងអាជីវកម្មដឹកជញ្ជូនភ្ញៀវ និងទំនិញចេញ-ចូលរវាងប្រទេសឡាវ និងកម្ពុជា។

វត្ថុតាងគ្រឿងអេឡិចត្រូនិក

បច្ចុប្បន្ន ចៅក្រមស៊ើបសួរបានបញ្ជូនជនត្រូវចោទទៅឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលកំពុងគេចខ្លួន រួមមានបុរសជនជាតិចិនម្នាក់ និងស្ត្រីជនជាតិខ្មែរឈ្មោះ SOONG ជាដើម។

វត្ថុតាងស្រា និងបារី

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ពីការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចទាំងអស់ ត្រូវបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដោយគ្មានការលើកលែង និងគ្មានការបន្ធូរដៃឡើយ។

វត្ថុតាងទូរស័ព្ទ iPhone

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបង្ក្រាបបទល្មើសនេះដោយសម្រេចបានលទ្ធផលធំៗជាច្រើនផងដែរ៕

ដោយ៖ សិលា

administrator

Related Articles