ប្រុងប្រយ័ត្ន! ក្រសួងពាណិជ្ជកម្មហាមនាំចូល-លក់ស្ករសក្លែងក្លាយ២ម៉ាកធំៗ រកឃើញនៅខេត្តកំពត

ប្រុងប្រយ័ត្ន! ក្រសួងពាណិជ្ជកម្មហាមនាំចូល-លក់ស្ករសក្លែងក្លាយ២ម៉ាកធំៗ រកឃើញនៅខេត្តកំពត

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញបទបញ្ជាជាបន្ទាន់ ហាមពាណិជ្ជករ និងអាជីវករមិនឱ្យនាំចូល លក់ ឬចែកចាយស្ករសម៉ាកថៃ KBS REFINED SUGAR និង TRR GROUP REFINED SUGAR ព្រមទាំងស្ករសបាវដែលមានស្លាកសញ្ញាជាអក្សរវៀតណាម បន្ទាប់ពីរកឃើញករណីក្លែងបន្លំប្រភពដើមទំនិញនៅខេត្តកំពត។

ស្ករសក្លែងក្លាយ

ការរកឃើញនេះ ធ្វើឡើងដោយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដោយសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដឹកនាំដោយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលបានឆែកឆេរឃើញថា មានអ្នកលួចបន្លំយកស្ករសបាវស្លាកថៃ មកវេចខ្ចប់ឡើងវិញដោយប្តូរទៅជាស្លាកអក្សរវៀតណាម។

ការឆែកឆេរស្ករស

ស្ករសទាំងនេះសង្ស័យអាចត្រូវបានគេចែកចាយលក់នៅលើទីផ្សារកម្ពុជា។ ក្រសួងពាណិជ្ជកម្មបានណែនាំដល់ពាណិជ្ជករ អាជីវករ និងអ្នកនាំចូលទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការនាំចូល លក់ ចែកចាយ ផ្គត់ផ្គង់ ឬវេចខ្ចប់ឡើងវិញនូវស្ករសទាំងពីរម៉ាកនេះ ក្នុងចេតនាក្លែងបន្លំប្រភពទំនិញជាដាច់ខាត។

ស្ករសគួរឱ្យសង្ស័យ

ចំពោះអ្នកលក់ និងចែកចាយបន្ត ត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីតាមដានប្រភពដើមនៃផលិតផល និងយកសំណាកទៅវិភាគនៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកគ្រោះជាយថាហេតុ ព្រមទាំងធានាសុវត្ថិភាពអ្នកប្រើប្រាស់។

សម្រាប់អ្នកប្រើប្រាស់ និងសាធារណជន សូមជៀសវាងការទិញស្ករសម៉ាកទាំងនេះ ហើយរាយការណ៍ភ្លាមៗមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈទូរសព្ទសាធារណៈក្រសួងពាណិជ្ជកម្មលេខ ១២៦៦ ប្រសិនបើសង្ស័យឃើញផលិតផលមិនប្រក្រតីលក់នៅលើទីផ្សារ៕

សហការផ្តល់ព័ត៌មាន

ដោយ៖ សិលា

administrator

Related Articles