ភ្នំពេញ៖ ក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។

លទ្ធផលនៃការបង្ក្រាប៖ ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុប ៦១នាក់ (ស្រី ០៦នាក់) ក្នុងនោះ៖
- គ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់៖ ៤២នាក់
- ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារសម្រាប់ Online Scam៖ ១៥នាក់
- ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន៖ ៤នាក់

សមត្ថកិច្ចបានដកហូតវត្ថុតាង និងសម្ភារបច្ចេកវិទ្យាមួយចំនួនធំ រួមមាន៖ កុំព្យូទ័រយួរដៃ ៤៨គ្រឿង, ទូរសព្ទដៃ ៤៦៨គ្រឿង, អេក្រង់ម៉ូនីទ័រ ៣២គ្រឿង, CPU ១០គ្រឿង, Tablet ០១គ្រឿង និងស៊ីមកាតទូរស័ព្ទបរទេសមួយចំនួនធំទៀត។

បច្ចុប្បន្ន ក្រុមការងារបានប្រគល់ជនសង្ស័យ និងវត្ថុតាងទាំងអស់ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។

សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានអនុវត្តន៍ចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ បានកំណត់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់ មួយជីវិត និងពិន័យជាប្រាក់ដល់ទៅ ១ ០០០លានរៀល ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ។

