ភ្នំពេញ៖ ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារ បានដាក់ដំណើរការគម្រោងចិញ្ចឹមមាន់ស្រែជាសហគមន៍ក្នុងគោលបំណងស្តារជីវភាពជនភៀសសឹកនៅតាមទីតាំងជម្រកបណ្តោះអាសន្ន។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា គម្រោងនេះផ្តោតលើការផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយដល់បងប្អូនជនភៀសសឹកនៅខេត្តចំនួន៣ រួមមាន៖ បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

តាមរយៈសមាសធាតុឆ្លើយតបនឹងស្ថានភាពអាសន្ន (CERC) នៃគម្រោងពិពិធកម្ម (CASDP) អ្នកចូលរួមទទួលបានការគាំទ្រដូចជា៖ ទ្រុងចិញ្ចឹមស្តង់ដា១, កូនមាន់ស្រែអាយុ២១ថ្ងៃចំនួន១០០ក្បាល, វ៉ាក់សាំង, ចំណីដំបូង, បណ្តុះបណ្តាលបច្ចេកទេស និងការតាមដានជាប្រចាំ។

លោក ឃឹម ហ្វីណង់ បន្ថែមថា នៅពេលចិញ្ចឹមបានផល គម្រោងនឹងធានាប្រមូលទិញវិញក្នុងតម្លៃសមរម្យ ដែលជួយពង្រឹងសន្តិសុខស្បៀង និងចំណូលគ្រួសារប្រកបដោយចីរភាព៕


ដោយ៖ សំរិត
