
ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានរួមជាសហប្រធានក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកអភិសន្តិបណ្ឌិត បានអបអរសាទរចំពោះការតែងតាំងលោក វ៉ាន់ថង កងម៉ានី ជារដ្ឋមន្ត្រីសន្តិសុខឡាវអាណត្តិថ្មី និងបានពិភាក្សាលើបញ្ហាសន្តិសុខក្នុងតំបន់ និងសកលលោក រួមទាំងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គ្រឿងញៀន និងអំពើជួញដូរមនុស្ស។

ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ការលើកកម្ពស់កិច្ចសហការអាជ្ញាធរខេត្តជាប់ព្រំដែន ការផ្លាស់ប្តូរព័ត៌មានដើម្បីទប់ស្កាត់បទល្មើស និងការសហការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ គណៈប្រតិភូឡាវក៏បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពផងដែរ៕
ដោយ៖ សិលា
