អាជ្ញាធរកម្ពុជាប្រគល់ជនជាតិថៃលួចឆ្លងដែនខុសច្បាប់ទៅភាគីថៃវិញ តាមយន្តការ RBC ប្រកបដោយមនុស្សធម៌

អាជ្ញាធរកម្ពុជាប្រគល់ជនជាតិថៃលួចឆ្លងដែនខុសច្បាប់ទៅភាគីថៃវិញ តាមយន្តការ RBC ប្រកបដោយមនុស្សធម៌

ភ្នំពេញ៖ ក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានពីលោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បញ្ជាក់ថា ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួន និងប្រគល់ជូនភាគីថៃវិញនៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ឧសភា នេះ តាមយន្តការគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។

រូបភាពទី១

ការប្រគល់ខ្លួនជនខុសច្បាប់រូបនេះធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួលតាមរយៈក្រុមការងារទំនាក់ទំនងព្រំដែន នៅថ្ងៃទី១៣ ខែឧសភា។ លោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសរូបនោះទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ RBC យោធភូមិភាគទី២ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

រូបភាពទី២

ឆ្លៀតក្នុងឱកាសនោះ ភាគីទាំងពីរក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព្រមទាំងធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនានា ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន។

រូបភាពទី៣

ភាគីថៃបានថ្លែងអំណរគុណចំពោះភាគីកម្ពុជាដែលបានសហការយ៉ាងពេញទំហឹង ជាពិសេសការខិតខំជួយសម្របសម្រួលឱ្យប្រជាជនថៃដែលបានប្រព្រឹត្តកំហុសអាចវិលត្រឡប់ទៅជួបក្រុមគ្រួសារវិញដោយសុវត្ថិភាព ស្របតាមគោលការណ៍មនុស្សធម៌។

រូបភាពទី៤

administrator

Related Articles