ខេត្តតាកែវ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចុះពិនិត្យការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ។

អមដំណើរលោកឧបនាយករដ្ឋមន្ត្រីរួមមាន លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងតំណាងក្រុមហ៊ុនទទួលបន្ទុកសាងសង់គម្រោងប្រវត្តិសាស្ត្រមួយនេះ។

នាឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាក់តាមបណ្ដាញសង្គមថា គិតត្រឹមពេលនេះ ការដ្ឋានកំពុងដំណើរការរៀបចំបច្ចេកទេស និងមិនទាន់អាចគណនាភាគរយសាងសង់បាននៅឡើយទេ ប៉ុន្តែក្រុមហ៊ុនសាងសង់បានអះអាងថា គម្រោងនឹងបញ្ចប់តាមផែនការដែលបានកំណត់។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកថាជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់ប្រទេសលើវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។

ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះមានប្រវែងជាង ១៧៤ គ.ម ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWT ទៅមក និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកដែលមានភាពប្រទាក់ក្រឡា អាចតភ្ជាប់បានគ្រប់ជ្រុងជ្រោយ បំពេញបន្ថែមចន្លោះប្រហោងក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្រ បង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាឯករាជ្យភាព និងសុវត្ថិភាព ព្រមទាំងអាចតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្របានទៀតផង។

គួររម្លឹកដែរថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា និងភាគីវិនិយោគចិន បានប្រកាសបើកការដ្ឋានសាងសង់ដំណាក់កាលទី២ នៃគម្រោងនេះ នៅខេត្តតាកែវ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតីធ្លាប់បញ្ជាក់ថា គម្រោងនេះនឹងក្លាយជា ច្រកផ្លូវទឹកយុទ្ធសាស្ត្រថ្មី សម្រាប់តភ្ជាប់រាជធានីភ្នំពេញទៅកាន់សមុទ្រកម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើការដឹកជញ្ជូនឆ្លងកាត់ប្រទេសជិតខាង។

ដោយ៖ តារា
