ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ដែលបានសម្លាប់គូស្នេហ៍ភេទដូចគ្នារបស់ខ្លួន នៅបន្ទប់ទឹកឆ្នេរអូត្រេះ ក្នុងរយៈពេលត្រឹមតែប្រហែល ៥ ម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រព្រឹត្តបទល្មើស។

ប្រភពពីមន្ត្រីនគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២១ និង ៣០ នាទីយប់ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៦ នៅចំណុចបន្ទប់ទឹកលេខ ៩ ឆ្នេរអូត្រេះ ភូមិ ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។ សមត្ថកិច្ចបានសន្និដ្ឋានថា នេះជាករណីឃាតកម្មគិតទុកជាមុន។
តាមរបាយការណ៍បានបញ្ជាក់ថា ជនសង្ស័យបាននាំយកកាំបិតចុងស្រួចដងឈើដាក់ក្នុងថង់ ហើយយកម៉ាស់រុំព័ទ្ធ ទៅជួបជនរងគ្រោះនៅកន្លែងកើតហេតុ។ ភាគីទាំងពីរបានឈ្លោះប្រកែកគ្នាបានតែពីរបីម៉ាត់ប៉ុណ្ណោះ ស្រាប់តែជនសង្ស័យបានទាញកាំបិតចេញពីថង់ ហើយអារកជនរងគ្រោះបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ក្រោយប្រព្រឹត្តបទល្មើស ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

ប្រភពបានឱ្យដឹងទៀតថា ជនសង្ស័យនិងជនរងគ្រោះជាគូស្នេហ៍ស្រលាញ់ភេទដូចគ្នា ដោយស្រលាញ់គ្នាអស់រយៈពេលប្រហែល ២ ឆ្នាំមកហើយ។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង ២ ធ្វើការស្រាវជ្រាវតាមជំនាញ។ រហូតដល់វេលាម៉ោងប្រហែល ០៣ និង ២០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្រោមផ្លូវល្បឿនលឿនក្រុមទី ១៧ ភូមិ ១ សង្កាត់លេខ ១ ក្រុងព្រះសីហនុ។

មន្ត្រីនគរបាលបានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ (សព) ឈ្មោះ តាំង ស្រីនិច ភេទស្រី ជនជាតិខ្មែរ អាយុ ២៤ ឆ្នាំ។ រីឯជនសង្ស័យឈ្មោះ សុខ រស្មី ភេទស្រី អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ថា លើសពមានស្នាមរបួសដាច់រយះសាច់បំពង់កចំនួន ១ កន្លែង។ តាមរយៈការសួរបំភ្លឺមិត្តភក្តិរបស់ស្ត្រីរងគ្រោះ និងប្អូនប្រុសជនសង្ស័យ សមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់នេះបណ្តាលមកពីឃាតកម្មគិតទុកជាមុន៕
