ប៉ោយប៉ែត៖ ជនជាតិឥណ្ឌូនេស៊ីត្រូវបានបញ្ជូនទៅតុលាការក្រោយគាស់ហាងប្តូរប្រាក់លួចទ្រព្យសម្បត្តិជាង១ម៉ឺនបាត

ប៉ោយប៉ែត៖ ជនជាតិឥណ្ឌូនេស៊ីត្រូវបានបញ្ជូនទៅតុលាការក្រោយគាស់ហាងប្តូរប្រាក់លួចទ្រព្យសម្បត្តិជាង១ម៉ឺនបាត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ជនសង្ស័យជនជាតិឥណ្ឌូនេស៊ី

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ណាន ចាន់នី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ពីករណីគាស់ហាងប្តូរប្រាក់មួយកន្លែង ស្ថិតនៅភូមិសាមគ្គី មានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យបានលួចយកប្រាក់ថៃចំនួន ១០,០០០បាត និងទូរសព្ទដៃចំនួន ០៥គ្រឿង។

កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ

ក្រោយទទួលបណ្ដឹង លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ។ រហូតដល់វេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៤ ខែឧសភា ដើមបណ្ដឹង និងជនជាតិឥណ្ឌូនេស៊ីមួយក្រុម បាននាំខ្លួនជនសង្ស័យជនជាតិឥណ្ឌូនេស៊ីឈ្មោះ កា រ៉ាន ភេទប្រុស អាយុ២៧ឆ្នាំ ប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយនៅលើដងខ្លួនមានស្នាមរបួសជាំ បែកក្បាល របួសត្រង់ស្មងជើងខាងឆ្វេង និងភ្នែកខាងស្តាំហើមជាំ។

ក្រោយទទួលជនសង្ស័យ កម្លាំងជំនាញបានឱ្យមន្រ្ដីពេទ្យពិនិត្យ និងព្យាបាលបឋម រួចធ្វើការសួរនាំ។ ជនសង្ស័យបានឆ្លេីយសារភាពថា ពិតជាបានធ្វើសកម្មភាពគាស់ហាង និងលួចទ្រព្យសម្បត្តិមែន។

ដោយផ្អែកលើចម្លេីយសារភាព និងភស្តុតាងវីដេអូកាំមេរ៉ាសុវត្ថិភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបនេះទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕

ដោយ: វណ្ណា

administrator

Related Articles