ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងមួយកន្លែង ស្ថិតនៅឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១២ និង ៣៥ នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងបារីអេឡិចត្រូនិកម៉ាក FISCO ចំនួន ១៣ កេស ស្មើនឹង ២,៦០០ ប្រអប់ និងឃាត់ខ្លួនម្ចាស់ទីតាំងឈ្មោះ XIE SU LONG ភេទប្រុស អាយុ ២៨ឆ្នាំ ជាជនជាតិចិន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

អាជ្ញាធរបានបញ្ជាក់ថា ការនាំចូល ចែកចាយ ផ្សព្វផ្សាយ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់យ៉ាងតឹងរឹង។ សមត្ថកិច្ចនឹងបន្តអនុវត្តវិធានការបង្ក្រាបជាបន្តបន្ទាប់ និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មានតាមលេខបន្ទាន់ ១២៩១ ឬតាមបណ្តាញ Telegram, WhatsApp និង CoolApp លេខ 031 5555 669 ព្រមទាំងអាចផ្ញើសារទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ «Phnom Penh Gendarmerie» បានគ្រប់ពេលវេលា៕
ដោយ៖ តារា
