បន្ទាប់ពីមានភាពតានតឹង និងការប៉ះទង្គិចសម្តីគ្នាយ៉ាងខ្លាំងក្លា ទីបំផុតអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសកាលពីថ្ងៃសុក្រទី១៥ ឧសភាថា លោកបានជជែកគ្នាយ៉ាងរលូនតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយមេដឹកនាំទាំងពីរបានយល់ស្របគ្នាថា អ៊ីរ៉ង់ «ត្រូវតែចូលមកតុចរចាជាបន្ទាន់»។
កាលពីខែមុន លោក ត្រាំ ធ្លាប់បានរិះគន់ចំៗលើលោក Merz ថាបានលួចគាំទ្រអ៊ីរ៉ង់ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ដើម្បីដោះស្រាយការយល់ច្រឡំនេះ លោក Merz បានចេញមុខបកស្រាយតាមបណ្តាញសង្គម X ថាលោកមិនដែលគាំទ្រឱ្យទីក្រុងតេហេរ៉ង់មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរឡើយ។
លោក Merz បានសរសេរថា លោកបានជជែកទូរសព្ទយ៉ាងរីករាយជាមួយលោក ត្រាំ ក្នុងកំឡុងពេលមេដឹកនាំអាមេរិកកំពុងធ្វើដំណើរត្រឡប់ពីចិនវិញ។ ភាគីទាំងពីរមានទស្សនៈដូចគ្នាថា អ៊ីរ៉ង់ត្រូវតែចូលតុចរចាភ្លាមៗ បើកច្រកសមុទ្រហ័រមូសឡើងវិញ និងមិនត្រូវឱ្យទីក្រុងតេហេរ៉ង់ក្តាប់អាវុធនុយក្លេអ៊ែរជាដាច់ខាត។
ក្រៅពីបញ្ហាអ៊ីរ៉ង់ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីដំណោះស្រាយសន្តិភាពសម្រាប់អ៊ុយក្រែន និងសម្របសម្រួលជំហររួមគ្នាមុនកិច្ចប្រជុំកំពូលណាតូនៅអង់ការ៉ា។ លោក Merz បានសង្កត់ធ្ងន់ថា អាមេរិក និងអាល្លឺម៉ង់គឺជាដៃគូដ៏រឹងមាំនៅក្នុងប្លុកណាតូ។
ការផ្សះផ្សានេះបង្ហាញពីការប្រែប្រួលជាវិជ្ជមាននៃទំនាក់ទំនងអាមេរិក-អាល្លឺម៉ង់ បន្ទាប់ពីស្ថានភាពឡើងកម្តៅខ្លាំងកាលពីដើមខែ ពេលដែលលោក Merz ធ្លាប់រិះគន់លោក ត្រាំ ថា «ត្រូវថ្នាក់ដឹកនាំអ៊ីរ៉ង់ធ្វើឱ្យអាម៉ាស់មុខ»។ សម្តីនោះបានធ្វើឱ្យលោក ត្រាំ ខឹងរហូតបញ្ជាដកទាហានអាមេរិក ៥ ០០០នាក់ចេញពីអាល្លឺម៉ង់ តែពេលនេះមេដឹកនាំទាំងពីរហាក់វិលមករកភាពសុខដុមវិញហើយ៕
ប្រែសម្រួល៖ ឈាង
