ប្រទេសគុយបា បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ ថា ខ្លួននឹងទទួលយកជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លារពីសហរដ្ឋអាមេរិក ប៉ុន្តែសម្តែងការសង្ស័យលើចេតនារបស់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ពេលមានការបិទខ្ទប់ផ្លូវប្រេងរបស់សហរដ្ឋអាមេរិកទៅកាន់កោះនេះធ្វើឱ្យខូចដល់សេវាសាធារណៈជាច្រើន។

យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez និយាយថា រដ្ឋាភិបាលកុម្មុយនិស្តកោះនេះមានឆន្ទៈក្នុងការពិចារណាលើការផ្តល់ជូននេះពីអាមេរិក ប៉ុន្តែមិនគួរមានលក្ខខណ្ឌណាមួយត្រូវបានភ្ជាប់ឡើយ។
លោក Rodriguez សរសេរលើបណ្តាញសង្គមថា៖ « យើងសង្ឃឹមថាវានឹងគ្មានល្បិចកលនយោបាយ និងការប៉ុនប៉ងកេងប្រវ័ញ្ចពីទុក្ខវេទនារបស់ប្រជាជនស្ថិតនៅក្រោមការឡោមព័ទ្ធ»។

កាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិកថា ខ្លួនបានផ្តល់ជំនួយជាលក្ខណៈឯកជនចំនួន ១០០លានដុល្លារដល់ប្រទេសគុយបា បន្ថែមពីលើអ៊ីនធឺណិតផ្កាយរណបឥតគិតថ្លៃ និងលឿនដោយមានលក្ខខណ្ឌថា រដ្ឋាភិបាលកោះនេះយល់ព្រម ចំពោះកំណែទម្រង់ដ៏មានអត្ថន័យ។
យ៉ាងណា លោក Rodriguez បដិសេធថារដ្ឋបាល លោក ត្រាំ មិនបានផ្តល់ជូនបែបនេះទេ។ បន្ទាប់មករដ្ឋបាល លោក ត្រាំ ធ្វើការផ្តល់ជូននេះម្តងទៀត នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។

ស្ថានភាពរស់នៅក្នុងប្រទេសគុយបាកាន់តែអាក្រក់ទៅៗ បន្ទាប់ពី លោក ត្រាំ បានគំរាមកំហែងដាក់ពន្ធលើប្រទេសណាមួយដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កោះនេះ។
ចំណែក សម្ព័ន្ធមិត្តកំពូលៗគឺប្រទេសម៉ិកស៊ិក និងវ៉េណេស៊ុយអេឡា បានកាត់ផ្តាច់ការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា នាំឱ្យមានការខ្វះខាតប្រេងឥន្ធនៈ និងអគ្គិសនីយ៉ាងធ្ងន់ធ្ងរ។
