
ភ្នំពេញ៖ តម្លៃប្រេងអន្តរជាតិបានកើនឡើងជាង ៣% នៅរសៀលថ្ងៃសុក្រនេះ ក្រោយពីប្រធានាធិបតី ដូណាល់ ត្រាំ បានលាតត្រដាងថា លោក និងមេដឹកនាំចិន ស៊ី ជីនពីង បានឯកភាពថា អ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរឡើយ ចំពេលជម្លោះមជ្ឈិមបូព៌ាកំពុងតានតឹង នេះបើតាមរ៉យទ័រ។
តម្លៃប្រេងឆៅម៉ាក Brent ឡើង ៣,៣៥ ដុល្លារ (៣,១៧%) ដល់ ១០៩,១ ដុល្លារ/បារ៉ែល ខណៈ WTI របស់អាមេរិកកើន ៣,៥២ ដុល្លារ (៣,៤៨%) ដល់ ១០៤,៧ ដុល្លារ/បារ៉ែល។

ក្នុងសប្តាហ៍នេះ Brent ឡើង ៦% និង WTI ឡើង ៧% ដោយសារភាពមិនច្បាស់លាស់នៃដំណោះស្រាយសន្តិភាពអាមេរិក-អ៊ីរ៉ង់។ លោក ត្រាំ បាននិយាយក្នុងទស្សនកិច្ចនៅចិនថា លោកអស់ការអត់ធ្មត់ជាមួយអ៊ីរ៉ង់ ហើយទទូចឱ្យបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ។
ទោះជាយ៉ាងណា អ្នកវិភាគយល់ថា ជំនួបត្រាំ-ស៊ី ពុំទទួលបានផ្លែផ្កាច្បាស់លាស់ទេ ដែលធ្វើឱ្យភាពតានតឹងបន្តកើនឡើង ជំរុញតម្លៃប្រេងហក់ខ្ពស់។
