ខេត្តកណ្ដាល៖ សាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យឈ្មោះ គឹម វណ្ណា (អាយុ៣៥ឆ្នាំ) ជាពូសាច់ថ្លៃ និងភរិយាឈ្មោះ ធី ណារ៉ុង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ យ៉ាងសាហាវព្រៃផ្សៃ នៅស្រុកស្អាង ខេត្តកណ្ដាល។

លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា លោកស្រី ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យទាំងពីរនាក់ ក្រោមបទចោទ «សមគំនិតក្នុងអំពើឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស និងឃាតកម្មមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ» តាមមាត្រា២៩ មាត្រា២៥៤ និងមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។

បើតាមសមត្ថកិច្ច អំពើដ៏ឃោរឃៅនេះបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង។ ជនរងគ្រោះជាក្មេងស្រីអាយុ៥ឆ្នាំ មានឈ្មោះ រតនា ម៉េងស៊ីម ដែលធ្លាប់តែទៅលេងស្រុកកំណើតជាមួយគ្រួសាររៀងរាល់ចុងសប្ដាហ៍ ត្រូវបានជនដៃដល់ដែលជាពូសាច់ថ្លៃរបស់ខ្លួនចាប់ជំរិត ឃុំឃាំង និងសម្លាប់យ៉ាងព្រៃផ្សៃ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យគឹម វណ្ណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មនេះមែន ដោយលើកឡើងពីមូលហេតុតែប៉ុណ្ណោះដោយសារគំនុំផ្ទាល់ខ្លួន ពាក់ព័ន្ធការខ្ចីប្រាក់មិនបាន និងអារម្មណ៍ថាត្រូវបានមើលងាយពីគ្រួសារជនរងគ្រោះ។

បច្ចុប្បន្នករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ត ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារដែលកំពុងតែមួយសន្លប់ក្នុងសោកនាដកម្មដ៏រន្ធត់នេះ៕



