ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងផ្លេកបន្ទោរ ដោយវាយឆ្មក់ចំនួន៨គោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។
កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង ធ្វើការបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែននេះ។

លទ្ធផលនៃការបង្ក្រាបនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៧នាក់ (ស្រី១នាក់) ក្នុងនោះមានជនជាតិខ្មែរ០១នាក់ និងជនជាតិវៀតណាម០៦នាក់ (ស្រី១នាក់)។ វត្ថុតាងចាប់យករួមមាន៖ សារធាតុញៀនមួយចំនួនធំ, អាវុធខ្លី០១ដើម, រថយន្តចំនួន០៤គ្រឿង, ឃាត់ទុកគណនីធនាគារចំនួន១៨គណនី និងសម្ភារៈផ្សេងៗមួយចំនួនធំផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអាទិភាពកំពូល។ ដូច្នេះហើយ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន ប្រើកណ្តាប់ដៃដែកបង្ក្រាបគ្រឿងញៀនឱ្យដល់ឫសគល់។ កម្លាំងជំនាញក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តបន្តចុះបង្ក្រាបគ្រឿងញៀនតាមបណ្តារាជធានី-ខេត្ត យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម៕
ដោយ៖ តារា
