អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តបញ្ជាក់ពីកិច្ចខិតខំដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃប្រកបដោយសន្តិភាព

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តបញ្ជាក់ពីកិច្ចខិតខំដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃប្រកបដោយសន្តិភាព

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានជម្រាបជូនបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖

១. នាយករដ្ឋមន្ត្រីលើកតម្កើងវីរភាពកងនគរបាលការពារព្រំដែន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកបេសកកម្មរបស់កងនគរបាលជាតិក្នុងការការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ថៃថាជា គុណតម្លៃមិនអាចកាត់ថ្លៃបាន។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសទិវារំលឹកខួបលើកទី៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

កងនគរបាលការពារព្រំដែន

សម្តេចធិបតីក៏បានរំលេចពីស្នាដៃរបស់កងនគរបាលជាតិ ដែលជាកម្លាំងស្នូលនៅគ្រប់កាលៈទេសៈ ក្នុងការស្តារ ការពារ និងកសាងប្រទេសតាំងពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឍដូចបច្ចុប្បន្ន។ ទន្ទឹមនេះ លោកក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខដល់មន្ត្រីនគរបាលការពារព្រំដែន និងមន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលរបួស សូមឆាប់ជាសះស្បើយ។

២. វិធានការជួយជនភៀសសឹកជាង ៣ម៉ឺននាក់

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនភៀសសឹកនៅតាមព្រំដែន ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការជួយជនភៀសសឹកដោយផ្តោតលើការការពារអាយុជីវិត ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅ និងការស្តារជីវភាពឡើងវិញ។

គិតមកទល់ពេលនេះ នៅមានជនភៀសសឹកប្រមាណជាង ៣ម៉ឺន២ពាន់នាក់ (ភាគច្រើនជាស្ត្រីនិងកុមារ) នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបានទេ ដោយសារតំបន់រស់នៅមិនទាន់មានសុវត្ថិភាព និងមានការរារាំងពីកងកម្លាំងថៃតាមរយៈការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ។ រាជរដ្ឋាភិបាលកំពុងតស៊ូយ៉ាងស្វិតស្វាញលើសមរភូមិការទូត និងច្បាប់អន្តរជាតិដោយសន្តិវិធី ដើម្បីដណ្តើមយកទឹកដីស្របច្បាប់មកវិញ។

៣. កម្ពុជា-អាម៉េរិក ពិភាក្សារកដំណោះស្រាយសន្តិវិធី

តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ជាមួយលោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៥ ឧសភា ភាគីទាំងពីរបានផ្តោតសំខាន់លើស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិកចំពោះការគាំទ្រជាបន្តបន្ទាប់ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសេចក្តីប្រកាសរួមនៃ GBC លើកទី៣។

ប្រមុខការទូតកម្ពុជាក៏បានជម្រាបជូនភាគីអាម៉េរិកអំពីការសម្រេចចិត្តប្រើប្រាស់យន្តការ ផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញា UNCLOS បន្ទាប់ពីថៃបានបញ្ចប់ MOU-2001 ជាឯកតោភាគី។ លោកជំទាវ Allison Hooker បានគាំទ្រការប្រើប្រាស់យន្តការទ្វេភាគីដូចជា JBC, GBC និង JCTF ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។

ដោយ៖ តារា

administrator

Related Articles