សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង

ខេត្តព្រៃវែង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង ចំនួន ១,៣១១នាក់ ដែលពិធីនេះបានធ្វើឡើងនៅសាលប្រជុំអគារ៦មករា នៃមន្ទីរគណបក្សខេត្តព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន

ទាក់ទងនឹងពិធីសំណេះសំណាល ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងថា ដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្ដេចតេជោបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ហើយរហូតមកដល់ពេលនេះ ជាលើកទី៧ហើយដែលសម្តេចតេជោបានអញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតតាមបណ្ដាខេត្តនានា។ គោលដៅគឺពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជំរុញការងារមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងក្រើនរំឭកមន្ត្រីឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ពិធីសំណេះសំណាល

សម្តេចតេជោបានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំនានាក្នុងខេត្តព្រៃវែងសាជាថ្មី។ សម្ដេចបានអបអរសាទរចំពោះសមិទ្ធផលអគារមន្ទីរបក្សក្នុងខេត្តព្រៃវែង ដោយថ្លែងថា គណបក្សប្រជាជនមិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង។

សម្តេចតេជោថ្លែងសុន្ទរកថា

សម្តេចតេជោបានមានប្រសាសន៍ថា ខេត្តព្រៃវែងពីមុនមិននឹកស្រមៃថាមានសាកលវិទ្យាល័យសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សនោះទេ ប៉ុន្តែបច្ចុប្បន្ននេះព្រៃវែងមានសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលជាបន្តបន្ទាប់។ សម្ដេចក៏បានលើកឡើងពីរឿងមន្ត្រីគ្រាប់ល្ពៅថាជារឿងប្រឌិត តែរឿងពិតគឺមន្ត្រីផ្លែទុរេន ដោយសម្ដេចបន្តថានឹងនៅតាមមើលរឿងនេះឱ្យដល់ទីបញ្ចប់។

ថ្នាក់ដឹកនាំខេត្តព្រៃវែង

សម្តេចតេជោបានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ជាពិសេសពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី។ សម្តេចក៏បានរំឭកដល់អាជ្ញាធរឱ្យបន្តយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន។

បរិយាកាសពិធី

សម្តេចតេជោក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បង្ក្រាបបទល្មើសផ្សេងៗ និងអំពើឆបោកតាមអនឡាញ។ សម្ដេចបានគាំទ្រការប្រមូលប្រាក់ចំណូលពន្ធគយ និងទប់ស្កាត់ការរត់គេចពន្ធ។

សម្តេចតេជោ ហ៊ុន សែន

សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានចូលរួមថែរក្សាធនធានធម្មជាតិ ទប់ស្កាត់ការបំផ្លិចបំផ្លាញ។ សម្ដេចបានក្រើនរំឭកដល់មន្ត្រីទាំងអស់ចៀសវាងភាពអសកម្ម និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ សម្តេចក៏បានរំលឹកឱ្យអាជ្ញាធរខេត្តព្រៃវែងបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយវៀតណាម លើការជំរុញវិស័យពាណិជ្ជកម្ម។

កិច្ចប្រជុំ

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តព្រៃវែងដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តឱ្យទទួលបានការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

ទស្សនិកជន
បរិយាកាស
ពិធី
សម្តេចតេជោ
រូបភាព
ថ្នាក់ដឹកនាំ
ប្រជុំ
សាលប្រជុំ
អង្គពិធី
រូបថត
ទិដ្ឋភាព

ដោយ៖ តារា

administrator

Related Articles