កំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយពីសភាពការណ៍វិវត្តន៍ថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលមានស្រាប់ ដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលមានជាធរមាន។
ជាមួយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំសម្របសម្រួល ដោះស្រាយបញ្ហាជីវភាព ការស្នាក់នៅ និងការបម្រើសុខុមាលភាពជូនប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ ដែលរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានពីពួកទាហានសៀម។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ការកំណត់ខ្សែបន្ទាត់ព្រំដែនដោយការប្រើប្រាស់កម្លាំងយោធាជាដាច់ខាត។ ក្នុងឱកាសនោះ សម្តេចក៏បានថ្លែងអនុសាសន៍សំខាន់ៗក្នុងការកសាងប្រៀបការពារជាតិ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា និងការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ។

ក្នុងនោះ សម្តេចបានណែនាំឱ្យអនុវត្តវិធានការ «បង្រួមក្បាល ពង្រីកដងខ្លួន» ដើម្បីឱ្យកងយោធពលខេមរភូមិន្ទមានកម្លាំងគ្រប់គ្រាន់ក្នុងភារកិច្ចការពារបូរណភាពទឹកដី។ សម្តេចក៏បានស្នើសុំឱ្យក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាឡើងវិញពីការរៀបចំបើកប្រាក់បៀវត្សជូនយោធិនតាមប្រព័ន្ធធនាគារ។
ទន្ទឹមនេះ សម្តេចក៏បានជំរុញឱ្យពង្រឹងសមត្ថភាពវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ព្រមទាំងផ្តល់ថ្នាំពេទ្យ និងឧបករណ៍បរិក្ខាពេទ្យឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យមន្ទីរពេទ្យ និងគិលានដ្ឋាននានារបស់កងទ័ពអាចព្យាបាលកងទ័ព និងប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងបោះទ័ពបាន។

នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសគាំទ្រពេញទំហឹងនូវអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រឹងធនធានមនុស្ស ការកំណែទម្រង់រចនាសម្ព័ន្ធចាត់តាំង ដើម្បីពង្រឹងប្រៀបការពារជាតិឱ្យបានរឹងមាំ និងប្តេជ្ញាចិត្តអនុវត្តតាមអនុសាសន៍របស់សម្តេចឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕
