ភ្ញាក់ផ្អើលពេញបុរីទាំងកណ្ដាលអធ្រាត្រ នៅពេលដែលរថយន្តម៉ាក Tundra មួយគ្រឿងត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ រហូតខូចខាតទាំងស្រុង បន្ទាប់ពីសង្ស័យថាឆ្លងចរន្តអគ្គិសនីខណៈចតចោលនៅមុខផ្ទះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 00:50 រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងបុរីភ្នំពេញថ្មី ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះ ម៉ី ចាន់ធារី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ បានចតរថយន្តពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-5188 ទុកក្បែរសួនច្បារក្នុងបុរី មុននឹងចូលទៅសម្រាកក្នុងផ្ទះ។
ខណៈដែលកំពុងដេកលង់លក់ ស្រាប់តែរថយន្តបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ និងប្រជាពលរដ្ឋក្នុងបុរី ដែលបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង មកអន្តរាគមន៍ទាន់ពេលវេលា ទើបភ្លើងរលត់ទៅវិញ។ ទោះជាយ៉ាងណា រថយន្តត្រូវបានឆេះខូចខាតទាំងស្រុង។
តាមការបញ្ជាក់ពីនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យនេះបណ្ដាលមកពីការឆ្លងចរន្តប្រព័ន្ធភ្លើងរថយន្ត ដែលបង្កជាអគ្គិភ័យឆាបឆេះឡើង៕
