ភ្នំពេញ៖ កណ្តាលអធ្រាត្រស្ងាត់ជ្រងំ ស្រាប់តែមានសំឡេងភ្ញាក់ផ្អើលពេញតំបន់បុរីភ្នំពេញថ្មី ក្រោយរថយន្តមួយគ្រឿងបានឆាបឆេះយ៉ាងគំហុក នាវេលាម៉ោង១២:៥០នាទីរំលងអធ្រាត្រ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅចំណុចបុរីភ្នំពេញថ្មី ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបណ្តាលមកពីការឆ្លងចរន្តប្រព័ន្ធភ្លើងរថយន្ត។

រថយន្តដែលរងការខូចខាតអស់ទាំងស្រុងនោះ គឺជារថយន្តម៉ាក Tundra ពណ៌ស ត្រូវបានអណ្តាតភ្លើងលេបត្របាក់ទាំងស្រុង ទោះបីជាក្រុមសង្គ្រោះបានខិតខំពន្លត់ក៏ដោយ។

សមត្ថកិច្ចជំនាញនៃការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង និងប្រើប្រាស់ទឹកអស់០៦ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានភាពបានទាំងស្រុង នៅវេលាម៉ោង០១:២០នាទីរំលងអធ្រាត្រ ថ្ងៃខែឆ្នាំដដែល។

សូមបញ្ជាក់ថា អគ្គិភ័យនេះមិនបានរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះទេ ហើយក៏មិនមានអ្នករងរបួសឬស្លាប់ឡើយ។

ដោយ៖ សិលា
