អាមេរិកបង្ក្រាបកប៉ាល់គ្រឿងញៀននៅប៉ាស៊ីហ្វិក ស្លាប់៣នាក់! ស្របច្បាប់ឬទេ?
ទីក្រុងវ៉ាស៊ីនតោន៖ ថ្មីៗនេះ សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការវាយប្រហារម្ដងទៀតទៅលើកប៉ាល់ល្បឿនលឿនដែលសង្ស័យថាជារបស់ក្រុមជួញដូរគ្រឿងញៀននៅដែនសមុទ្រប៉ាស៊ីហ្វិកខាងកើត បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣នាក់បានបាត់បង់ជីវិត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបញ្ចកោណ។ បញ្ជាការដ្ឋានយោធាអាមេរិកប្រចាំតំបន់ភាគខាងត្បូងបានឲ្យដឹងនៅលើបណ្ដាញសង្គមថា ភ្នាក់ងារសម្ងាត់របស់ខ្លួនបានទទួលព័ត៌មានថា កប៉ាល់នោះកំពុងដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ច្រកសមុទ្រដែលក្រុមឈ្មួញខុសច្បាប់តែងតែប្រើប្រាស់ជាប្រចាំ។ សេចក្ដីប្រកាសដដែលបានអះអាងថា កប៉ាល់នោះកំពុងធ្វើដំណើរក្នុងដែនសមុទ្រអន្តរជាតិ មុននឹងត្រូវបានកងកម្លាំងចម្រុះនៃ «ក្រុមបេសកកម្មលំពែងភាគខាងត្បូង» បាញ់ប្រហារដោយមីស៊ីល។ ប្រតិបត្តិការនេះបានធ្វើឲ្យចំនួនករណីវាយប្រហារទូកគ្រឿងញៀនដែលសហរដ្ឋអាមេរិកបានអនុវត្តកើនដល់ ២១ករណីហើយ ចាប់តាំងពីដើមខែកញ្ញាមក។ អាមេរិកបានចាត់ទុកការវាយប្រហារទាំងនេះថាជាទង្វើត្រឹមត្រូវតាមច្បាប់ ដើម្បីទប់ស្កាត់ការហូរចូលគ្រឿងញៀនមកកាន់ប្រទេសខ្លួន។ សរុបទាំងមុន…
