ខេត្តមណ្ឌលគិរី៖ កម្លាំងអាជ្ញាធរខេត្តមណ្ឌលគិរីបានធ្វើប្រតិបត្តិការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញដ៏ធំមួយកន្លែង នៅក្នុងអគារពាណិជ្ជកម្មចិន ក្រុមហ៊ុនមុងទ័រជាលី សេងមៅឆេង ក្នុងក្រុងសែនមនោរម្យ កាលពីថ្ងៃទី១០ មេសា ២០២៦។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានឃាត់ខ្លួនជនបរទេសសរុបចំនួន ២៦២ នាក់ (ស្រី ៤៧ នាក់) ដែលមាន៩សញ្ជាតិ ក្នុងនោះមានជនជាតិចិន ១៣៥ នាក់ និងជនជាតិថៃ ៥៨ នាក់។ អាជ្ញាធរក៏បានរឹបអូសយកវត្ថុតាងជាច្រើន រួមមានកុំព្យូទ័រចំនួន ៤២០ គ្រឿង និងទូរសព្ទដៃចំនួន ១,៤៥០ គ្រឿង។

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមឆបោកនេះប្រព្រឹត្តបទល្មើសតាមរយៈការបោកប្រាស់លក់ទំនិញអនឡាញ និងវិនិយោគ Crypto ក្លែងក្លាយ ដោយមានគោលដៅទៅកាន់ប្រទេសថៃ និងសហរដ្ឋអាមេរិក។ ជនជាតិថៃមួយចំនួនត្រូវបានចាញ់បោកតាមរយៈការសន្យាផ្តល់ប្រាក់ខែខ្ពស់ រួចត្រូវបានបង្ខំឱ្យធ្វើការងារឆបោកនេះ។

បច្ចុប្បន្ន មេខ្លោងចំនួន ៣ នាក់ (ចិន ២ នាក់ និងមីយ៉ាន់ម៉ា ១ នាក់) ត្រូវបានបញ្ជូនទៅតុលាការ ចំណែកជនបរទេសចំនួន ២៥៩ នាក់ទៀតត្រូវបានបញ្ជូនទៅបណ្តេញចេញពីកម្ពុជា។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានក្រើនរំលឹកថា «ច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ទើបចូលជាធរមាននៅថ្ងៃទី៧ មេសា ២០២៦ ដែលមានទោសទណ្ឌធ្ងន់ធ្ងររហូតដល់ពន្ធនាគារអស់មួយជីវិត។ លោកបានអំពាវនាវឱ្យម្ចាស់អគារទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវជួលទីតាំងឱ្យក្រុមឧក្រិដ្ឋជនឡើយ។



